អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Front Line Defenders ជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតឲ្យបានត្រឹមត្រូវលើករណីគំរាមសម្លាប់ និងការធ្វើទុក្ខបុកម្នេញ លើអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ដែលរងការបាញ់សម្លាប់កាលពីឆ្នាំ២០០៤។
អង្គការ Front Line Defenders បានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ១៦ ខែ មករា ស្ដីពីការកោះហៅ អតីតប្រធានសហជីពសេរីកម្មករគឺលោកជា មុនី ពីសំណាក់តុលាការ និង ការធ្វើទុក្ខបុកម្នេញ គំរាមកំហែងដល់អាយុជីវិតនាពេលថ្មីកន្លងទៅ។
ក្នុងសេចក្ដីថ្លែងការណ៍លើកឡើងថា៖« កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៧ នៅថ្ងៃដែលពាក្យបណ្តឹងប្រឆាំងលោកជា មុនីដាក់ដល់តុលាការនោះ នៅម៉ោង១០យប់កម្លាំងមួយក្រុមសម្រុកចូលផ្ទះលោក ជា មុន្នី ប៉ុន្តែលោកគេច ខ្លួនបានមុន។ មន្ត្រីក្រសួងមហាផ្ទៃ និង តុលាការព្រមាន លោក ជា មុន្នី ថានឹងមានវាសនាដូចបងរបស់លោក គឺលោក ជា វិជ្ជា ដែលត្រូវបាញ់សម្លាប់ បើមិនរត់គេចចេញពីប្រទេស។»
លោកជា មុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ឲ្យចូលបំភ្លឺក្នុងនាមជនសង្ស័យនៅព្រឹកថ្ងៃទី២២ ខែមករាសប្ដាហ៍ក្រោយ។
លោកជា មុន្នី ត្រូវបានក្រុមសហជីព ដែលគេមើលឃើញថា មានទំនោរគាំទ្ររដ្ឋាភិបាលប្តឹង ដោយចោទពីបទញុះញង់ បន្ទាប់ពីលោក បានធ្វើបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីចុងឆ្នាំ២០១៧ ដែលសហជីពទាំងនោះថា លោកជា មុន្នី បានអំពាវនាវឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាក្រោយរំលាយបក្សប្រឆាំង៕