មេធាវីការពារក្ដីឲ្យលោក កឹម សុខា បានឲ្យដឹងថាកូនក្ដីរបស់ខ្លួនថាមិនចូលរួមជាមួយចលនាផ្សេងណាក្រៅពីបក្សសង្គ្រោះជាតិនោះទេ ខណៈលោកសម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិ។
លោកមេធាវី ផែង ហេង បានប្រាប់វីអូឌីឲ្យដឹងនៅថ្ងៃនេះថានៅពេលដែលចូលជួប លោក កឹម សុខាកាលម្សិលមិញ កូនក្ដីរបស់លោកបានប្រាប់ថាលោកមិនចូលរួមជាមួយចលនាណាផ្សេងពីគណបក្សសង្គ្រោះជាតិ ដែលបោះឆ្នោតគាំទ្រដោយឆន្ទៈពលរដ្ឋជិត៣លាននាក់កាលពីឆ្នាំ២០១៣។
លោកមេធាវី ផែង ហេង បានលើកឡើងថា៖«គាត់គ្រាន់តែប្រាប់ថាគាត់មិនចូលរួម និងមិនគាំទ្រចលនា ណាមួយនោះទេ»។
ទោះបីជាយ៉ាងណាលោកមេធារីបានលើកឡើងថាកូនក្ដីរបស់លោកមិនបានបញ្ជាក់ពីចលនាអ្វីនោះទេ ហើយលោកក៏មិនបានបញ្ជាក់ពីហេតុផលដែលមិនចូលរួមនោះដែរ។
កាលពីថ្ងៃទី ១២ ខែ មករា កន្លងមកអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានប្រកាស បង្កើតចលនាសង្គ្រោះជាតិថ្មីមួយ ដោយលោកថា ដើម្បីគៀងគរឲ្យមានចលនាមួយដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងឈានទៅរកការដឹកនាំប្រទេសនាពេលខាងមុខ។
ការបង្កើតចលនាសង្គ្រោះជាតិថ្មីនេះ ធ្វើឡើងបន្ទាប់ពីអតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែសីហា ដោយរងការចោទថា «ក្បត់ជាតិ» និងការរំលាយបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដោយហាមឃាត់មន្ត្រីជាន់ខ្ពស់ ១១៨រូប មិនឲ្យធ្វើ នយោបាយរយៈពេល ៥ឆ្នាំ។
ដោយឡែកក្រោយប្រកាសបង្កើតចលនានេះឡើងមានក៏មានមន្ត្រី និង សកម្មជន អតីតបក្សសង្គ្រោះជាតិមួយចំនួនបដិសេធមិនចូលរួមផងដែរ៕