បុរសម្នាក់ជាកម្មករោងចក្រ ត្រូវបានបាញ់ស្លាប់នៅអំឡុងពេលប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃនេះ។
បណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក «សង្គម និងយុត្តិធម៌» បានរៀបរាប់ថា បុរសឈ្មោះ ឈៀក រ៉ន អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រមួយស្ថិតក្នុងសង្កាត់ចោមចៅ ២ ត្រូវបានបាញ់ស្លាប់នៅម៉ោងជាង ១០ព្រឹកថ្ងៃអាទិត្យនេះ អំឡុងពេលនគរបាលចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ។
រូបថតចែកចាយលើទំំព័រហ្វេសប៊ុកនេះ បង្ហាញ បុរសម្នាក់ប្រឡាក់ទៅដោយឈាម និងមានស្នាមត្រូវគ្រាប់កាំភ្លើងនៅត្រង់ដើមទ្រូងផ្នែកខាងស្ដាំនៅជិតបំពង់ក។
វីដេអូបង្ហោះនៅក្នុងបណ្ដាញហ្វេសប៊ុក បង្ហាញស្ត្រីម្នាក់ស្រែកយំ ជាមួយនឹងអះអាងថា ជាភរិយារបស់បុរសរងគ្រោះ។
ទំព័រហ្វេសប៊ុក «សង្គម និងយុត្តិធម៌» បានរៀបរាប់ថា អ្នកស្រី ណុប ផានី គឺជាប្រពន្ធបុរសរងគ្រោះ។
ស្ត្រីរូបនោះ បានរៀបរាប់ក្នុងវីដេអូនោះថា ប្ដីរបស់អ្នកស្រីបានស្លាប់អំឡុងពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបាននគរបាលបាញ់ប្រហារត្រូវចំបំពង់កចំនួន ២គ្រាប់។
បើតាមការអះអាងរបស់ស្ត្រីដដែលនោះ ប្ដីរបស់អ្នកស្រីត្រូវបានបាញ់ប្រហារ អំឡុងពេលនគរបាលចុះទៅបង្ក្រាបទីតាំងជល់មាន់នៅក្នុងសង្កាត់ចោមចៅ ខណៈដែលប្ដីអ្នកស្រីកំពុងឈរនៅមុខបន្ទប់ជួល។
វីអូឌីបានព្យាយាមស្វែងរកការបកស្រាយពីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ និងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ប៉ុន្តែ ទូរស័ព្ទចូលគ្មានអ្នកលើកនោះឡើយ៕