អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានពន្យល់ពីភាពខុសគ្នានៃការបង្កើតចលនាសង្គ្រោះជាតិ និងបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រធានបក្ស លោក កឹម សុខា ដែលកំពុងជាប់ឃុំនោះ ប្រកាសមិនចូលរួមជាមួយចលនានេះ។
ក្នុងកិច្ចប្រជុំជាមួយសមាជិកនៅគេហដ្ឋានរបស់លោកក្នុងទីក្រុងប៉ារីសកាលពីថ្ងៃម្សិលមិញ លោក សម រង្ស៊ី បានលើកឡើងថា ចលនាសង្គ្រោះជាតិ មានភាពទូលំទូលាយជាងបក្ស ដែលអាចឲ្យមានការចូលរួមពីគ្រប់ភាគី ទាំងសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស ការពារបរិស្ថាន ព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីទាមទាឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការទាំងអស់ ហើយរៀបចំការបោះឆ្នោតដោយត្រឹមត្រូវ និង យុត្តិធម៌។
លោក សម រង្ស៊ី លើកឡើងថា៖ «ក្នុងចលនាសង្គ្រោះជាតិនេះ ច្បាស់ហើយមានអ្នកមកពីបក្សសង្គ្រោះជាតិ ប៉ុន្តែ មានអ្នកក្រៅច្រើន។ ដូចខ្ញុំនិយាយមិញ ខ្ញុំទៅអាមេរិកបានជួបខ្លះហើយ មានអ្នកសារព័ត៌មាន ពួកអង្គការក្រៅរដ្ឋាភិបាល រឿងសារព័ត៌មាន រឿងសង្គមកិច្ចផ្សេងៗ ពីមុនគេមិនចូលគណបក្សណាទាំងអស់ មិនដឹងទឹកចិត្តគេយ៉ាងមិច គេគាំទ្របក្សដោយស្ងៀមស្ងាត់ ឬយ៉ាងណា?។ ដល់តែបង្កើតចលនា គេចូលចលនា ព្រោះវាទូលំទូលាយ មិនមែនឃោសនាឲ្យបក្សនេះទេ»។
លោក សម រង្ស៊ី ក៏លើកឡើងដែរថា ចលនាសង្រ្គោះជាតិមានគោលបំណងធំ និងទូលាយ ដែលអ្នកចូលរួមមិនតម្រូវឲ្យចងជាលក្ខណនោះទេ គឺជាអ្នកគិតពីបញ្ហាជាតិ ធំជាងបញ្ហាបក្ស ចំណែកបក្សមានលក្ខណៈតូចចង្អៀតដែលមានសមាជិក សមាជិកាចូលរួមដោយការចងជាវិន័យច្បាស់លាស់ និងតឹងរឹងដែលមិនអាចឲ្យធ្វើសកម្មភាពបានច្រើន និងទូលំទូលាយនោះទេ។
ជាមួយគ្នានោះលោកសម រង្ស៊ី ក៏បានលើកឡើងដែរថា លោកស្ថិតនៅក្នុងក្របខណ្ឌបក្សសង្គ្រោះជាតិផង និង ចលនាសង្គ្រោះជាតិផង ហើយក្រោយពីមានការរៀបបោះឆ្នោតត្រឹមត្រូវរួចហើយ ចលនាសង្គ្រោះជាតិនោះនឹងរលាយទៅវិញ ចំណែកលោកនឹងដើរឃោសនាបោះឆ្នោតតំណាងឲ្យបក្ស ហើយពលរដ្ឋចូលរួមបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដែលលទ្ធផលនឹងអាចទទួលយកបាន។
កាលពីថ្ងៃទី១២ ខែ មករា កន្លងទៅលោក សម រង្ស៊ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានប្រកាស បង្កើតចលនាសង្គ្រោះជាតិថ្មីមួយ ដោយលោកថា ដើម្បីគៀងគរឲ្យមានចលនាមួយដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងឈានទៅរកការដឹកនាំប្រទេសនាពេលខាងមុខ។
ការបង្កើតចលនាសង្គ្រោះជាតិថ្មីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែសីហា ដោយរងការចោទថា «ក្បត់ជាតិ» និងការរំលាយបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដោយហាមឃាត់មន្ត្រីជាន់ខ្ពស់ ១១៨រូប មិនឲ្យធ្វើ នយោបាយរយៈពេល ៥ឆ្នាំ។
ដោយឡែកក្រោយពីប្រកាសបង្កើតចលនានេះឡើង ប្រធានអតីតបក្សសង្គ្រោះជាតិ លោក កឹម សុខា មន្ត្រី និងសកម្មជនអតីតបក្សប្រឆាំងមួយចំនួនទៀត បានបដិសេធមិនចូលរួមចលនាណាផ្សេងក្រៅពីគណបក្សសង្គ្រោះជាតិ ដែលបោះឆ្នោតគាំទ្រដោយឆន្ទៈពលរដ្ឋជិត ៣លាននាក់កាលពីឆ្នាំ២០១៣៕
សរសេរមកកាន់ លោក លី វេហា តាមរយៈ [email protected]