អ្វីជាមេរៀនពីការជាប់គាំងច្បាប់ថវិកានៅអាមេរិក?

សមាជិកព្រឹទ្ធសភាពិភាក្សា និង រូបលោកដូណាល ត្រាំ ដែលកាត់ត

ព្រឹតិ្តការណ៍ដែល​ពិភពលោកចាប់អារម្មលើសហរដ្ឋអាមេរិកចុងក្រោយនេះ គឺការជាប់គាំងច្បាប់ថវិកាជាតិដែលនាំឲ្យការិយាល័យមួយចំនួន​នៃរដ្ឋាភិបាលសហព័ន្ធអាមេរិក​បានសម្រេចបិទទ្វារ ដោយសារមិនមានលុយសម្រាប់ចំណាយលើប្រតិបត្តិការការងារ។​

នៅថ្ងៃទី២០ខែមករាឆ្នាំ២០១៨ ត្រូវខួបមួយឆ្នាំដែលលោក ដូណាល ត្រាំ ចូលកាន់តំណែង ហើយក៏ជាថ្ងៃដែលរដ្ឋាភិបាលរបស់លោក​មិនមានកញ្ចប់ថវិកាសម្រាប់ដំណើរការក្នុងឆ្នាំ២០១៨។ នៅថ្ងៃនោះព្រឹទ្ធសភាបានជំទាស់ក្នុងការអនុម័តច្បាប់ថវិកា ដោយសារមិនពេញចិត្តគោលនយោបាយរបស់លោកត្រាំ ក្នុងការរឹតបន្តឹង និង រៀបចំបណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ​៧០០ ០០០ នាក់ដែលចូលទឹកដីអាមេរិកតាំងពីនៅកុមារ។

ទោះយ៉ាងណាក្រោយជាប់គាំបីថ្ងៃគឺនៅថ្ងៃទី២២ខែមករា ព្រឹទ្ធសភាបានបោះឆ្នោតឲ្យទម្លាក់កញ្ចប់លុយដើម្បីប្រើប្រាស់៣សប្តាហ៍បន្ទាប់ទៀត ដើម្បីទុកពេលចរចាលើចំណុចដែលមិនស្របគ្នា។​

​ការជាប់គាំងក្នុងការអនុម័តកញ្ចប់ថវិកានេះ មិនមែនជាលើកទី១នោះទេនៅអាមេរិក គឺចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៨ គឺបញ្ហាជាប់គាំងរបៀបនេះអាមេរិកជួប៨លើករួចហើយ។​

តើអ្វីខ្លះអាចជាមេរៀនដែលប្រទេសកាន់របបប្រជាធិបតេយ្យផ្សេងទៀតត្រូវរៀនសូត្រនោះ?

ស្ថាប័នឯករាជ្យ

អគារព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក​

បង្ហាញថា ស្ថាប័នមានភាពឯករាជ្យដាច់ៗពីគ្នា រវាងរដ្ឋាភិបាល រដ្ឋសភា និង ព្រឹទ្ធសភា។ ការបំពេញការងារមិនមែនសិ្ថតនៅក្រោម​ឥទ្ធិពលរបស់គណបក្ស ឬ ឥទ្ធិពលរបស់អ្នកមានអំណាចណាមួយនោះទេ។

 

 

 

ការតម្កល់ផលប្រយោជន៍រួមជាធំ

រាល់ការជជែកដេញដោលគឺភាគីទាំងពីរសុទ្ធតែមានហេតុផលដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍រួមដូចគ្នា។ គណបក្សសាធារណរដ្ឋចង់រឹតបន្តឹងលើជនអន្តោប្រវេសន៍ដើម្បីការពារសន្តិសុខជាតិ រក្សាការងារ និង ផលប្រយោជន៍ជាច្រើនទៀតឲ្យពលរដ្ឋអាមេរិក។ គណបក្សនេះដាក់គោលនយោបាយ​សាងសង់ជញ្ជាំងតាមព្រំដែនជាមួយប្រទេសម៉ិចស៊ិក ចាប់បញ្ជូនជនអន្តោប្រវេសន៍ប្រមាណ​៧០០ ០០០នាក់​ដែលការពារដោយកម្មវិធីរបស់ប្រធានាធិបតីមុ​នឈ្មោះDreamers ចេញពីអាមេរិក​។​

សកម្មភាពទាំងនេះ លោកដូណល ត្រាំ ខាងគណបក្សសាធារណរដ្ឋអះអាងថា ធ្វើឡើងក្រោមហេតុផលតែមួយគត់គឺដើម្បីការពារផលប្រយោជនពលរដ្ឋអាមេរិក​។

ប៉ុន្តែខាងគណបក្សប្រជាធិបតេយ្យ ចាត់ទុកសកម្មភាពរបស់ប្រធានាធិបតីអាមេរិក​ថា ជាអំពើអមនុស្សធម៌ ប៉ះពាល់ដល់សិទ្ធិមនុស្ស និង ច្បាប់អន្តរជាតិ​។ ជាផ្នែកនៃអត្តសញ្ញាណរបស់អាមេរិក​គឺការគោរពសិទ្ធិមនុស្សដូច្នេះបើបណ្តោយឲ្យលោកត្រាំ ធ្វើទង្វើទាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសមហាអំណាចនេះលើឆាកអន្តរជាតិកាន់តែខ្លាំង។​

ចំណុចមួយទៀតទាក់ទងការតម្កល់ផលប្រយោជន៍នោះគឺ ការប្រឆាំងនិងអ្វីដែលពួកគេយល់ថា មិនត្រឹមត្រូវ សូម្បីសមាជិកព្រឹទ្ធសភានៅក្នុងគណបក្សសាធារណរដ្ឋក៏ចេញមុខប្រឆាំងលោក ត្រាំ ក្នុងបក្សជាមួយគ្នាដែរ។​ ករណីនេះ នៅតាមបណ្តាលប្រទេសមួយចំនួន​ ទោះយល់ថា ការសម្រេចនោះមានកំហុសក៏នៅតែគាំទ្រដែរព្រោះថ្នាក់ដឹកនាំបក្សជាអ្នកសម្រេចទៅហើយ បើមិនគាំទ្រប្រឈមការបាត់បង់តំណែង និង ផលប្រយោជន៍ផ្សេងទៀត។​

ការសម្រេចក្នុងព្រឹទ្ធសភាបើកទម្លាយភាពទាល់ច្រកបណ្តោះអាសន្ននោះស្ថិតនៅក្នុងសំឡេង ២៦៦ ទល់១៥០ ក្នុងនោះសំឡេង៤៥ពីគណបក្សប្រជាធិបតេយ្យគាំទ្រ ហើយក៏មានសំឡេងពីគណបក្សសាធារណរដ្ឋចំនួន​៦សំឡេងក៏បោះឆ្នោតប្រឆាំងគណបក្សខ្លួនឯង។

ស្មារតីសម្របសម្រួល

លោកដូណាល ត្រាំ ពិភាក្សាការងារជាមួយមន្ត្រីផ្សេងៗ

ទោះជាភាគីទាំងពីរប្រឈមមុខដាក់គ្នាខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេនៅតែព្យាយាមជជែកគ្នា គឺលោកត្រាំ ជួបបញ្ចុះបញ្ចូលខាងគណបក្សខ្លួនឯងផង និង ណាត់ជួបជាមួយក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យផងដែរ។​ ទីបំផុតគណបក្សទាំងពីរដកថយបន្តិចម្នាក់ នាំឲ្យស្ថានភាពហាក់ធូរស្រាលឆ្ពោះទៅរកដំណោះស្រាយ។​

វិបត្តិជាប់គាំងថវិកាដែលកើតមានចំនួន​៨លើកកន្លងមកនេះ​ មិនបានធ្វើឲ្យសង្គមអាមេរិកជូបវិបត្តិធ្ងន់ធ្ងរនោះទេ គឺតែងមានការសម្របសម្រួលត្រូវគ្នាវិញ មិនមែនប្រឆាំងស្លាប់រស់ឬ សង្កត់ឲ្យភាគីម្ខាងៗស្លាប់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ