ឥណ្ឌាពង្រឹងគោលនយោបាយចាប់យកអាស៊ានប្រជែងជាមួយចិន​

ឥណ្ឌាបានចាប់ផ្តើមដាក់ទិសដៅក្នុងការពង្រឹងការទំនាក់ទំនងជាមួយអាស៊ានតាំងពីឆ្នាំ១៩៩១ តាមរយៈគោលនយោបាយ «សំឡឹងមើលទិសខាងកើត»។ គោលនយោបាយនេះផ្តោតលើការពង្រឹងពាណិជ្ជកម្ម និងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយ ប្រទេសសមាជិកអាស៊ាន ប៉ុន្តែការអនុវត្តហាក់យឺតយ៉ាវ។​

មួយរយៈកាលចុងក្រោយនេះ ឥណ្ឌាហាក់ដាក់គោលដៅច្បាស់លាស់ ក្នុងការពង្រឹងការទំនាក់ទំនងជាមួយជាបណ្តាប្រទេសអាស៊ាន។​ ជាក់ស្តែងនៅក្នុងកិច្ចប្រជុំ​អាស៊ាន-ឥណ្ឌាកាលពីសប្តាហ៍មុននោះគឺបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ឥណ្ឌា លើប្រទេសសមាជិកអាស៊ានកាន់តែខ្លាំង។ ស្របទៅតាមគោលនយោបាយថ្មីរបស់ឥណ្ឌាដាក់ចេញកាលពីឆ្នាំ២០១៤គឺ «ធ្វើសកម្មភាពជាមួយប្រទេសខាងកើត»។

ប្រទេសខាងកើតចង់សំដៅដល់ប្រទេសមាជិកអាស៊ានទាំង១០ ដែលមានភូមិសាស្ត្រស្ថិតនៅខាងកើតប្រទេសឥណ្ឌា។​​

មេដឹកនាំអាស៊ានទាំង១០ប្រទេស ក៏ត្រូវបានអញ្ជើញចូលរួមខួប៦៩ឆ្នាំនៃសាធារណរដ្ឋឥណ្ឌា ដែលនេះជារឿងមួយនាំឲ្យសហគមន៍អន្តរជាតិមានការចាប់អារម្មណ៍ខ្លាំង។​

អ្នកប្រឹក្សាយោបល់នៅវិទ្យាស្ថាន Takshashila លោក Manoj Kewalramani ថ្លែងថា ការអញ្ជើញមេដឹកនាំអាស៊ានទាំងអស់ចូលរួមក្នុងខួបនៃសាធារណរដ្ឋឥណ្ឌានេះ ជាសញ្ញាវិជ្ជមានក្នុងការផ្តោតការទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀត។​

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ឌ្រាមូឌី នៅក្នុងកិច្ចប្រជុំអាស៊ាន-ឥណ្ឌាថ្លែងថា ឥណ្ឌាចូលរួមជាមួយអាស៊ានផ្នែកលើមូលដ្ឋានច្បាប់ និងសន្តិភាព។​ លោក​បន្តថា ពេលនេះ ឥណ្ឌាក៏កំពុងតែធ្វើការជាមួយអាស៊ានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រផងដែរ។​

ក្នុងពិធីនោះ ទីក្រុងញូដេលី បានចុះហត្ថលេខាជាទ្វេរភាគីជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ទាំងផ្នែកពាណិជ្ជកម្ម និងពង្រឹងការការពារជាដើម។​

ឥណ្ឌាជាប្រទេសមួយដែលមានដែនសមុទ្រជាប់ជាមួយប្រទេសចិន និងបណ្តាលប្រទេសសមាជិកអាស៊ានផ្សេងៗទៀតដែលកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូង។​

ឥណ្ឌានិងចិន គឺជាប្រទេសដែលមានឥទ្ធិពលនៅអាស៊ី គឺចិនមានប្រជាជនច្រើនជាងគេលើពិភពលោក ចំណែកឥណ្ឌា មានប្រជាជនច្រើនលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីចិន​។ ប្រទេសទាំងពីរនេះ​កំពុងតែមានជម្លោះនៅតាមបណ្តោយព្រំដែន​មិនមានភាពធូរស្រាលទេ។​

ចំណែកការងាកមកចាប់អាស៊ានពេលនេះ ឥណ្ឌាហាក់ប្រជែងជាមួយចិន  ហើយចិនក៏បានដើរទៅមុនឥណ្ឌា។

បើគិតពីទំហំពាណិជ្ជកម្មរវាងឥណ្ឌានិងអាស៊ានកាលពីឆ្នាំមុន​គឺ៧១ប៊ីលានដុល្លារ បើប្រៀបធៀបជាមួយចិនវិញ៤៥០ប៊ីលានដុល្លារ ហើយចិន​ដាក់ផែនការថា នៅឆ្នាំ២០២០ ទំហំសេដ្ឋកិច្ចនិងកើនឡើងដល់១ទ្រីលានដុល្លារ។​

បើទោះជាការទំនាក់ទំនាក់ទំនងរបស់ចិនហាក់មានប្រៀបខ្លាំងជាងលើអាស៊ានក៏ដោយ ប៉ុន្តែប្រទេសសមាជិកអាស៊ានជាងពាក់កណ្តាលក៏កំពុងតែមានជម្លោះដែនសមុទ្រជាមួយចិនដែរ។​ ជាក់ស្តែងចិនគឺជាប្រទេសស្ថិតក្នុងកម្រិតលេខ២ នៃដៃគូសេដ្ឋកិច្ចរបស់វៀតណាម ប៉ុន្តែវៀតណាម​និងចិន​ក៏ជាគូជម្លោះប្រឈមមុខដាក់គ្នាខ្លាំងនៅសមុទ្រចិនខាងត្បូង។​ ក្រៅពីវៀតណាម គឺ ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី ហ្វីលីពីន និងប្រុយណេ ក៏កំពុងមានជម្លោះជាមួយចិនដូចគ្នាដែរ។​

ដូច្នេះបើទោះជាចិនដើរមុនមួយជំហានក្នុងការទំនាក់ទំនងជាមួយអាស៊ាន ប៉ុន្តែជម្លោះដែនអធិបតេយ្យភាពក៏នៅតែជាឧបសគ្គរវាងចិននិង​អាស៊ាន ចំណែកឥណ្ឌាហាក់មានស្ថានភាពល្អក្នុងការទំនាក់ទំនង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ