នគរបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា មន្ត្រីយោធា និងនគរបាលនៅក្នុងខេត្តនេះ មានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារលើមន្ត្រីបរិស្ថាន ៣រូប កាលពីបីថ្ងៃមុននេះ ដោយថា សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា។
មន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក តើន សុខណៃ និងបុគ្គលិកនៃសមាគមអភិរក្សធនធានធម្មជាតិ WCS លោក ថុល ខ្នា ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី៣០ ខែមករាកន្លងមកថ្មីៗនេះ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងស្រុកអូររាំង។
ស្នងការនគរបាលខេត្តមណ្ឌលគីរី លោក អ៊ុក សំណាង បានឲ្យវីអូឌីនៅថ្ងៃនេះថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាមន្ត្រីយោធា និងនគរបាលក្នុងខេត្តមួយចំនួនដែលពាក់ព័ន្ធក្នុងករណីបទល្មើសព្រៃឈើ និងសម្លាប់មន្ត្រីទាំង ៣រូបនោះហើយ។ ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់ឈ្មោះមន្ត្រីដែលពាក់ព័ន្ធនោះនៅឡើយទេ ដោយថា កំពុងរៀបចំរបាយការណ៍។
លោកថា៖ «ចាំខ្ញុំសំយោគរឿងបន្តិចណា ចាំខ្ញុំជម្រាបទៅវិញ! តែរឿងនេះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធា និងនគរបាល»។
សារព័ត៌មានស្និទនឹងរដ្ឋាភិបាល Fresh News បានរាយការណ៍ថា មន្ត្រីនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ និងលោក កើត វេហា និងមន្ត្រីយោធាការពារព្រំដែននៅតំបន់អូរលែឈ្មោះ ងួរ ដែលកំពុងរត់គេចខ្លួននោះ ត្រូវបានសង្ស័យថា ជាអ្នកបាញ់ប្រហារទៅលើមន្ត្រីទាំង ៣រូបនោះ។
មន្ត្រីសម្របសម្រួលនៅសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី លោក សុខ រដ្ឋា អះអាងថា បើយោងតាមរបាយការណ៍របស់អាជ្ញាធរ មុនបាញ់ប្រហារកើតឡើង ក្រុមអភិរក្សបានជួបជនជាតិវៀតណាមមួយក្រុមកាប់ឈើ ហើយបានឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ព្រមទាំងរឹបអូសយកវត្ថុតាង។
លោកថា៖ «បើតាមរបាយការណ៍បរិស្ថាន គឺដោយសារតែមន្ត្រី ៣នាក់ដែលបានស្លាប់ហ្នឹង ដោយសារគាត់ធ្វើការឃាត់វត្ថុតាងនៃបទល្មើសព្រៃឈើ ឃាត់ឈើឃាត់ត្រង់សឺន័រអីហ្នឹង ជាពិសេសគឺឃាត់បានជនជាតិវៀតណាម។ ប៉ុន្តែ មន្ត្រីទាំងហ្នឹងមិនបានយកវៀតណាមមកទេ គាត់ប្រគល់ទៅឲ្យមន្ត្រីប៉ុស្តិ៍ការពារព្រំដែនទៅវិញ ដើម្បីចាត់ចែង គាត់ជាអាជ្ញាធរជំនាញនៅតំបន់ហ្នឹង ប៉ុន្តែមួយសន្ទុះក្រោយមកក៏មានផ្ទុះអាវុធ»។
បន្ទាប់ពីឃាតកម្មទៅលើមន្ត្រីទាំង ៣រូបនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្កោលទោសទៅលើការបាញ់ប្រហារនេះ ហើយបញ្ជាទៅមន្ត្រីក្រោមឱវាទឲ្យស៊ើបអង្កេត និងចាប់ខ្លួនអ្នកពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះឲ្យទាល់តែបាន៕