បុរសជនជាតិឥណ្ឌាតវ៉ារកយុត្តិធម៌តាមបណ្តាញសង្គមរហូតឆ្លើយតបពីរដ្ឋាភិបាល

បុរសជនជាតិឥណ្ឌាម្នាក់មកពីរដ្ឋKeralaភាគខាងត្បូងប្រទេស បានបញ្ចប់យុទ្ធការដែលប្រើពេលអស់៧៨២ថ្ងៃ ដើម្បីទាមទារយុត្តិធម៌ឲ្យ បងប្រុសរបស់ខ្លួនដែលមានការសង្ស័យថា នគរបាលមានសមត្ថកិច្ចជាអ្នកសម្លាប់ពេលចាប់យកទៅឃុំឃាំង។​

បុរសម្នាក់នេះឈ្មោះ SR Sreerjith បានចោទថា នគរបាលបានសម្លាប់បងប្រុសរបស់លោក នៅពេលដែលចាប់ខ្លួនយកទៅក្រោមបទចោទថា លួចទូរសព្ទ។​ នេះបើតាមសារព័ត៌មាន​BBC។

នគរបាលបានបង្ហាញរបាយការណ៍ថា បុរសឈ្មោះ Sreejeev អាយុ២៦ឆ្នាំដែលស្លាប់នោះគឺធ្វើអត្តឃាតបន្ទាប់ពីការផ្តល់ចម្លើយនៅកន្លែងឃុំឃាំង ប៉ុន្តែក្រុមគ្រួសារចោទថា នគរបាលជាអ្នក​សម្លាប់ ព្រោះបងប្រុសរបស់គេ បានស្រលាញ់នារី ដែលនគរបាលរូបនោះស្រលាញ់ដែរ។​

លោក បានទាមទារឲ្យមានស្ថាប័នឯករាជ្យមួយស្រាវជ្រាវលើករណីនេះ តាមរយៈយុទ្ធនាការទាមទារតាមបណ្តាញសង្គមហ្វេសប៊ុក និងទ្វីតទ័រនោះមានឈ្មោះថា យុត្តិធម៌សម្រាប់ Sreejith។

យុទ្ធនាការទាមទាររកយុត្តិធម៌តាមបណ្តាញទំនាក់ទំនងសង្គមនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជននៅក្នុងប្រទេសឥណ្ឌា។​

ដោយសារមានគំនៀបខ្លាំងពីមហាជន ហើយមន្ត្រីជាន់ខ្ពស់ក៏ចាប់អារម្មណ៍លើករណីនេះ តំណាងរាស្ត្រនៅក្នុងរដ្ឋKerala​នោះបានបញ្ជាទៅនគរបាលផ្ទៃក្នុងបើកការស៊ើបអង្កេត ប៉ុន្តែបុរសអ្នកទាមទារនោះមិនព្រម ទើបទីភ្នាក់ងារស៊ើបអង្កេតពីរដ្ឋសហព័ន្ធឈ្មោះការិយាល័យកណ្តាលសម្រាប់ស៊ើបអង្កេត(CBI)បានចេញមុខស្រាវជ្រាវ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ Human Rights Watch ចេញរបាយការណ៍កាលពីខែសីហាឆ្នាំ២០១៧ថា ករណីនេះអាចជារឿងឃាតកម្មដោយសារតែជនរងគ្រោះដែលស្លាប់នោះមានរងរបួសពីការធ្វើទារុណកម្ម។​

​​នៅក្នុងប្រទេសឥណ្ឌាក៏តែងតែរងការចោទថា នគរបាលធ្វើទារុណកម្មអ្នកជាប់ឃុំរហូតដល់ស្លាប់ នៅពេលដែលសាកសួរចម្លើយ។​ របាយការណ៍របស់ការិយាល័យឧក្រិដ្ឋកម្មថ្នាក់ជាតិឥណ្ឌា បានបង្ហាញថា ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៥ គឺអ្នកជាប់ឃុំ​ចំនួន​៥៩១នាក់បានស្លាប់នៅពេលសាកសួរចម្លើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ