ចិន​ចោទ​អាមេរិក​ថា ប្រើ​«ចិត្ត​សាស្ត្រ​សង្គ្រាម​ត្រជាក់»​​ជាមួយ​ផែនការ​​នុយក្លេអ៊ែរ​ថ្មី

ចិន​បាន​ជំរុញ​ទៅ​អាមេរិក​ឲ្យ​ទម្លាក់​ចោល​នូវ​អ្វី​ដែល​ចិន​ហៅ​ថា «ចិត្តសាស្ត្រ​សង្គ្រាម​ត្រជាក់» និង​មិន​ត្រូវ​យល់​ខុស​ចំពោះ​ការ​កសាង​សមត្ថភាព​យោធា​របស់​ខ្លួន បន្ទាប់​ពី​ក្រុង​វ៉ាស៊ីងតោន បាន​ចេញ​ផ្សាយ​ឯកសារ​មួយ​កាល​ពី​ថ្ងៃ​សុក្រ ដែល​បាន​គូស​វាស​ផែនការ​សម្រាប់​ពង្រីក​សមត្ថភាព​នុយក្លេអ៊ែររបស់​ខ្លួន​ដើម្បី​ទប់​ទល់​នឹង​ប្រទេស​ដទៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​អាន​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ចិន​នៅ​ថ្ងៃ​នេះ ដែល​បាន​លើក​ឡើង​ថា សន្តិភាព និង​ការ​អភិវឌ្ឍ គឺ​ជា​និន្នាការ​សកល​ដែល​មិន​អាច​ឆ្លាស់​គ្នា​បាន​នោះ​ឡើយ។

ក្រសួង​ការពារ​ជាតិ​ចិន បាន​លើក​ឡើង​បន្ត​ថា អាមេរិក ដែល​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ធំ​បំផុត​នៅ​លើ​ពិភព​លោក​នោះ គួរ​តែ​ប្រកាន់​យក​គំនិត​ផ្ដួច​ផ្ដើម​ដើរ​តាម​និន្នាការ ជំនួស​ឲ្យ​ការ​ប្រឆាំង​នឹង​និន្នាការ​នេះ។

ការ​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​អំពី​គោល​នយោបាយ​នុយក្លេអ៊ែរ​របស់​អាមេរិក ក៏​បាន​បញ្ឆេះ​កំហឹង​ដល់​រុស្ស៊ី​ផង​ដែរ ដែល​ចាត់​ទុក​ផែនការ​នោះ​ជា​ការ​ប្រឈម​មុខ​នឹង​គ្នា និង​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ថា ផែនការ​នោះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​យល់​ច្រឡំ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។

យោធា​អាមេរិក​បាន​ចាត់​ទុក​ការ​ប្រឈម​មុខ​ទៅ​នឹង​ចិន និង​រុស្ស៊ី ជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ថ្មី​ដែល​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ក្នុង​ខែ​នេះ ខណៈ​ចិន និង​រុស្ស៊ី ត្រូវ​បាន​គេ​ហៅ​ថា «មហា​អំណាច​កុម្មុយនីស្ត​ជំនាន់​ថ្មី»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ