លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ពលរដ្ឋកម្ពុជាមិនត្រូវការការផ្លាស់ប្ដូរអ្វីនោះឡើយ ខណៈដែលមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំ បានរំឭកឡើងវិញពីជំហររបស់លោក «មិនយកខ្មែរណាជាសត្រូវ» នោះឡើយ។
លោក ហ៊ុន សែន បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃនេះថា ប្រជាជនកម្ពុជា ធុញទ្រាន់នឹងសង្គ្រាម និងមិនត្រូវការការផ្លាស់ប្ដូរនោះឡើយ។
លោករៀបរាប់ថា៖ «បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃ គឺឆ្អែតធុញទ្រាន់នឹងសង្គ្រាម មិនចង់ឮ មិនចង់រំឭកដល់ឡើយ។ […] បងប្អូនគ្មានត្រូវការសាកល្បងផ្លាស់ប្ដូរអ្វីទៀតទេ ព្រោះពេលនេះ បងប្អូនបានរស់នៅសុខស្រួលហើយ»។
លោក ហ៊ុន សែន បានលើកឡើងបែបនេះ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ លោក កឹម សុខា បានបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុកផ្លូវការលោកឡើងវិញ ដែលលើកឡើងថា អតីតបក្សប្រឆាំងមួយនេះ មិនយកខ្មែរណាធ្វើជាសត្រូវនោះឡើយ។
លោក កឹម សុខា រៀបរាប់ថា៖ «គណបក្សសង្គ្រោះជាតិ ប្រកាន់គោលការណ៍អហិង្សា មិនយកខ្មែរណាធ្វើជាសត្រូវ និងមិនគុំគួនសងសឹកខ្មែរ និងខ្មែរ»។
លោក ហ៊ុន សែន បានលើកបែបនេះតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសនោះ បានបង្កើតចលនាសង្គ្រោះជាតិ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលទៅតាមបណ្ដឹងរបស់រដ្ឋាភិបាល៕