ចិនជំរុញកម្ពុជាឲ្យប្រើប្រាស់លុយយ័នក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគីជាមួយខ្លួន ដោយថាដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។
គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងនេះលោក ប៉ាន សូរស័ក្កិ ទៅប្រទេសចិនកាលពីថ្ងៃទី២កុម្ភៈ ហើយជូបជាមួយ អភិបាលរងខេត្តក្វាងទុង លោក អ៊ៅយ៉ាង វ៉ីមីង។ អភិបាលរងខេត្តក្វាងទុងរូបនេះ បានស្នើឲ្យកម្ពុជាជួយគាំទ្រ និងធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនជាប្រាក់យ័ន ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ដើម្បីបញ្ជាក់បន្ថែមបាននោះទេ ដោយទូរសព្ទលោកចុចចូលជាច្រើនលើកតែគ្មានអ្នកទទួល។
លំហូរលុយដុល្លារបានហូរចូលកម្ពុជាតាមរយៈអ៊ុនតាក់ចាប់ពីឆ្នាំ១៩៩១មករហូតដល់ប្រាក់នេះបានក្លាយជាប្រាក់ទីពីរបន្ទាប់ពីប្រាក់រៀលខ្មែរ។ មកដល់ពេលនេះបើទោះបីជាទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា ចិនហាក់កើនឡើងច្រើនមែនតែប្រាក់ដុល្លារនៅតែមានឥទ្ធិពលក្នុងការទូរទាត់ប្រាក់នៅប្រទេសកម្ពុជាដដែល។
អ្នកជំនាញសេដ្ឋកិច្ចលោក យ៉ង ប៉ាក់ មានប្រសាសន៍ថា វាជារឿងល្អដែលប្រើប្រាស់ប្រាកយ័នធ្វើទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនដោយថាវាចំណេញបានច្រើនជាងប្រាក់ដុល្លារ។ តែលោកថាកម្ពុជាគួរមានលក្ខខណ្ឌទៅចិនវិញផងដែរក្នុងទំនាក់ទំនងពាណិជ្ជកម្មនេះ គឺគួរស្នើចិននៅពេលទិញផលិតផលកម្ពុជាគួរប្រើលុយខ្មែរដើម្បីទិញ ព្រោះជាប្រយោជន៍ទាំងសងខាង។
លោកថា៖ «ដូចនៅថៃយើងធ្វើtrade (ពាណិជ្ជកម្ម) ជាមួយថៃទៅដល់នោះយើងប្រើលុយបាតហើយ គេទិញយើងត្រូវប្រើលុយយើង យើងទិញគេត្រូវប្រើលុយគេអាហ្នឹងជារឿងត្រូវធ្វើចឹង។ […] ខ្ញុំមើលអត់មានបញ្ហាអីផងព្រោះ បើយើងគិតពីចរន្តសេដ្ឋកិច្ច បើសិនជាយើងដូរទៅដុល្លារ តាមបច្ចេកទេសបើយើងធ្វើពាណិជ្ជកម្មជាមួយចិនតែយើងប្រើលុយដុល្លារវិញ អញ្ចឹងយើងដូរពីខ្មែរទៅដុល្លារយើងខាតមួយសារហើយ ខាតទឹកលុយយើង ហើយទៅដល់ចិនដូរពីយ័នទៅដុល្លារវាខាតមួយជាន់ទៀត ខ្ញុំគិតថាទាំងអស់នេះគឺជួយទាំងសងខាង តាមបច្ចេកទេសគឺវាជួយទាំងសងខាង»។
ប្រធានវេទិកាអនាគតលោក អ៊ូ វីរៈ យល់ថា ចិនកំពុងប្រើប្រាស់ទំនាក់ទំនងពាណិជ្ជកម្មក្នុងការបង្កើនឥទ្ធិពលនៃរូបិយប័ណរបស់ខ្លួនក្នុងពិភពលោក។ ចំពោះទំនាក់ទំនងពាណិជ្ជកម្ម វិញលោកយល់ថា ទោះប្រើប្រាស់រូបិយប័ណប្រទេសណាក៏មិនចោទជាបញ្ហាដែរ តែអ្វីដែលសំខាន់គឺការនាំចេញរបស់កម្ពុជាដើម្បីបង្កើនសេដ្ឋកិច្ចខ្លួន។
លោកថា៖ «សហរដ្ឋអាមេរិកកំពុងតែចំណេញខ្លាំងណាស់ទៅលើលុយដុល្លារ ដែលជាលុយស្នូលក្នុងការទិញដូរទំនិញពិភពលោកហ្នឹង ឥឡូវចិនកំពុងព្យាយាមប្រកួតប្រជែង។ ខ្ញុំគិតថាជារឿងល្អសម្រាប់កម្ពុជាព្រោះអីពេលណាមានការប្រកួតប្រជែងគឺយើងមានជម្រើស តែអ្វីដែលលុយដុល្លារអាមេរិកបានធ្វើឲ្យល្អនោះគឺលុយដុល្លារអាមេរិកតែងមានស្ថេរភាព អញ្ចឹងហើយលុយអាមេរិកជាយន្តការដ៏ល្អមួយក្នុងការដោះដូរ។ ចំពោះលុយយ័ន យើងមើលទៅឃើញថាមានស្ថេរភាពតែយើងអត់ដឹងថាតើនឹងមានស្ថេរភាពយូរអង្វែងយ៉ាងមិចទេ តែខ្ញុំថាមិនមានអីដែលយើគួរព្រួយបារម្ភច្រើនទេ»។
ប្រទេសកម្ពុជាចិនបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មដល់៦ពាន់លានដុល្លារនៅឆ្នាំ២០២០ខាងមុខ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៥ មានទំហំទឹកប្រាក់ចំនួន ៤,៤ពាន់លានដុល្លារអាមេរិក។ កាលពីឆ្នាំ២០១៧ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការប្រើប្រាស់ប្រាក់យ័នក្នុងការដោះដូរទំនិញ និងសេវាក្នុងឆ្នាំ២០១៦មានតម្លៃប្រមាណ២,៥ពាន់លានយ័ន ស្នើនឹង៣៧៧លានដុល្លារអាមេរិក ឬស្នើនឹង៧ភាគរយនៃការទូទាត់ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា ចិន ខណៈ៩៣ភាគរយទៀតជាការទូទាត់ជាប្រាក់ដុល្លារ៕