រដ្ឋាភិបាលនៅម៉ាលឌីវរង្គោះរង្គើពេលចៅក្រមងើបប្រឆាំង

រដ្ឋាភិបាលម៉ាលឌីវជាប្រទេសស្ថិតនៅលើដែនកោះ ក្នុងសមុទ្រឥណ្ឌា កំពុងតែស្ថិតនៅក្នុងសភាពការណ៍មិនច្បាស់លាស់ ដោយសារតែមានការប្រឆាំងគ្នារវាងអំណាចរដ្ឋាភិបាល និងតុលាការកំពូល​។​

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន​តុលាការកំពូលនៃប្រទេសនេះសម្រេចដោះលែងអ្នកទោសនយោបាយចំនួន៩នាក់ ប៉ុន្តែការសម្រេចនេះផ្ទុយពីការចង់បានរបស់រដ្ឋាភិបាល​ដែលដឹកនាំដោយលោក​ប្រធានាធិបតី អាឌុលឡា យ៉ាមេន។​

ការប្រឈមគ្នារវាងរដ្ឋាភិបាល​និង តុលាការធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង រហូតដល់ដើមសប្តាហ៍នេះរដ្ឋាភិបាលប្រកាសដាក់រដ្ឋស្ថិតនៅក្នុងស្ថានភាពអាសន្នរយៈពេល​១៥ថ្ងៃ ដោយអនុវត្តន៍ច្បាប់សិក។​

ក្រោយការប្រកាសដាក់​ប្រទេសនៅក្រោមច្បាប់សិក រដ្ឋាភិបាលបានបញ្ជូនកម្លាំងទ័ពព័ទ្ធជុំវិញតុលាការកំពូល ចាប់ខ្លួនចៅក្រម ឃុំ​ខ្លួនអតីតប្រធានាធិបតីលោក Maumoon Abdul Gayoom និង អ្នកប្រឆាំងមួយចំនួនទៀត។ ចំណែកសកម្មភាពប្រមូលផ្តុំចង់សម្តែងមតិនានា ត្រូវបានហាមឃាត់។​

លោក​ប្រធានាធិបតី អាឌុលឡា យ៉ាមេន នៅកណ្តាល

 

ម៉ាលឌីវជាប្រទេសស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌានៅលើកោះតូចៗជាង១០០០កោះ មានប្រជាជនជាង៤១ម៉ឺននាក់។ ប្រទេសនេះសេដ្ឋកិច្ចមួយភាគធំពឹងផ្អែកលើវិស័យទេសចរណ៍ ដោយសារតែមានឆ្នេរសមុទ្រស្អាត ដែលគេឲ្យឈ្មោះថា ជាកោះឋានសួគ៌។​

ពេលដែលស្ថានភាពកំពុងតែមានការជ្រួលច្របល់នេះ ភ្ញៀវទេសចររាប់ម៉ឺនរាប់សែននាក់ កំពុងតែមានវត្តមាននៅទីនោះ។​ បណ្តាលប្រទេសនានារួមទាំង ចិន អាមេរិក និង អង់គ្លេស បានអំពាវនាវឲ្យពលរដ្ឋរបស់ពួកគេផ្អាកធ្វើដំណើរទៅកំសាន្តនៅប្រទេសលើកោះនេះ។​

ចំណែកស្ថានភាពនយោបាយ សហរដ្ឋអាមេរិក​ប្រកាសជំហរថា ពួកគេស្ថិតនៅខាងប្រជាពលរដ្ឋហើយបានជំរុញឲ្យរដ្ឋាភិបាលម៉ាលឌីវងាកទៅរកការគោរពច្បាប់វិញ។​ អាមេរិកក៏បានព្រមានថា ពេលនេះ ពិភពលោក​កំពុងតែតាមដានលើស្ថានភាពនៅប្រទសនេះ។​

ប្រទេសអង់គ្លេសជាអតីតអ្នកដាក់អាណានិគមន៍លើម៉ាលឌីវ បានអំពាវនាវឲ្យរដ្ឋាភិបាលនេះ ទម្លាក់ចោលការដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្ន ឲ្យផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋឲ្យបានពេញលេញវិញ។​

ចំណែកប្រព័ន្ធផ្សព្វផ្សាយវិញ រដ្ឋាភិបាលកំពុងតែត្រួតពិនិត្យ ហើយថា នឹងបិទចំពោះស្ថានីយ៍ទូរទស្សន៍ដែលផ្សព្វផ្សាយប៉ះពាល់ដល់សន្តិសុខជាតិ ផ្សព្វផ្សាយប៉ះពាល់ដល់ចំណាត់ការរបស់រដ្ឋាភិបាល។ ការព្រមាននោះ ចង់សំដៅលើប្រព័ន្ធផ្សព្វផ្សាយដែលស្និទ្ធជាមួយក្រុមប្រឆាំង។​

បើពិនិត្យលើស្ថានភាពសេដ្ឋកិច្ចកើតចេញពីវិស័យទេសចរណ៍អាចអាក់ខាន គំនាបពីអន្តរជាតិ និង អាចមានការងើបតវ៉ាពីប្រជាពលរដ្ឋ នោះរបបដឹកនាំនៅម៉ាលឌីវ ស្ថិតនៅក្នុងសភាមិនប្រាកដប្រជានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ