យុវជនម្នាក់ដែលមានទីលំនៅក្នុងខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនថ្ងៃចូលរោងការ ដោយចោទថាបានជេរប្រមាថថ្នាក់ដឹកនាំជាសាធារណៈតាមប្រព័ន្ធសង្គមហ្វេសប៊ុក។
បើតាមការឲ្យដឹងពីមន្រ្តីស៊ើបអង្កេតនៃអង្គការអាដហុកប្រចាំខេត្តកំពុងចាម លោក មានព្រហ្ម មុនី បានឲ្យដឹងថាមន្រ្តីកងរាជអាវុធហត្ថបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ សឹង រដ្ឋា តាមដីកាបង្គាប់របស់តុលាការដោយចោទថាបានជេរប្រមាថថ្នាក់ដឹកនាំជាសាធារណៈតាមហ្វេសប៊ុក។
លោក មានព្រហ្ម មុនី បានឲ្យដឹងថាលោក សឹង រដ្ឋាត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី ០៨ ខែ កុម្ភៈ ដែលជាថ្ងៃចូលរោងការ បន្ទាប់ពីបុរសនោះបានវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ។
លោក សឹង រដ្ឋា ជាម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ «បងថាកូនខ្មែរប្រចាំខេត្តកំពង់ចាម» ត្រូវបានគេស្គាល់ថាជាអ្នករិៈគន់រដ្ឋាភិបាលទាក់ទងនឹងការដឹកនាំ និងការរំលាយគណបក្សសង្គ្រោះជាតិកន្លងមក។
លោក ព្រហ្ម មុនី បានលើកឡើងថាទាក់ទងនឹងការរិៈគន់នេះ រដ្ឋាភិបាលគួរតែធ្វើការអប់រំ ជៀសជាងការចាប់ដាក់ទោសទណ្ឌ ព្រោះពលរដ្ឋមានសិទ្ធិក្នុងការរិៈគន់ ដើម្បីឲ្យមានការកែប្រែនូវចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំ។
មន្រ្តីសិទ្ធិមនុស្សរូបនោះក៏ជំរុញឲ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់ឲ្យអ្នករិៈគន់តាមប្រព័ន្ធបណ្ដាញសង្គមម្នាក់នោះឲ្យមានសេរីភាពវិញផងដែរ។
មន្រ្តីសិទ្ធិមនុស្សរូបនោះបន្ថែមថាយុវជនសឹង រដ្ឋា នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅរសៀលនេះ ប៉ុន្តែ វីអូឌី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោកព្រះរាជអាជ្ញា ហួត វុទ្ធី បាននៅឡើយទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល៕