ពេជ្រ សោភា ​ប្រកាសមិនច្រៀង​​ក្នុងមង្គលការ តែ​​​​​​​​​ទទួល​​ច្រៀង​​​ក្នុងពិធី​បុណ្យ

​​ខុសពីតារា​ភាគច្រើន ដែល​​ប្រកាន់ជំហរមិនច្រៀងក្នុងពិធីបុណ្យ​​ផ្សេងៗ ដោយសុខចិត្ត​​ទទួលច្រៀងក្នុងពិធី​មង្គលការ ​​​​ជាពិសេស​សម្រាប់ពិធី​មង្គលការ​ដែល​​ហ៊ានចំណាយ​​​​​​​​​​​​​​ខ្ពស់​​​​សម្រាប់​តារា​ចម្រៀង ​អ្នកនាង ​ពេជ្រ សោភា ​បែរជា​អះអាងថា ​មិនទទួល​ច្រៀង​​ក្នុងពិធី​​​មង្គលការនោះទេ តែអ្នកនាងនឹង​សុខចិត្ត​ទទួល​ច្រៀងក្នុងពិធី​​បុណ្យ​​​ដូច​​បុណ្យ​បច្ច័យ​បួន ​​ពិធីបុណ្យ​ក្នុងវត្ត និង​​​បុណ្យ​កឋិន​ជាដើម​​ជាជំនួស​​​​​ ដោយសារតែអ្នកនាងមាន​ហេតុផលរបស់ខ្លួន។ ​​​ អ្នកនាងប្រកាសថា​ ​​លុះត្រា​តែ​ពិធីមង្គលការ​នោះ ត្រូវបាន​​​​​កំណត់អោយទៅច្រៀង​ដោយ​​​​ផលិតកម្មហង្សមាស ទើប​នាង​សុខចិត្ត​ទៅ តែបើ​មិនដូច្នោះ​ គឺមិន​​​​​​​ទៅនោះទេ។

​អ្នកនាង ​ពេជ្រ សោភា បានថ្លែងក្នុងឱកាស​​​​​​​ឡើងឆាក​ប៉ុស្ដិ៍លេខ​​​៥ កាលពី​​រសៀលថ្ងៃទី​១១កុម្ភៈ ក្នុងកម្មវិធី​តន្ត្រី​ប្រចាំថ្ងៃអាទិត្យ​ដែលទើប​ដំណើរការ​ថា អ្នកនាង​​ប្រកាន់ជំហរ​មិនច្រៀង​​នៅក្នុងពិធី​មង្គលការនោះទេ ​​​​​​​បើទោះជាតារាចម្រៀង​​​ច្រើននាក់ រួមមាន​កញ្ញា ឱក សុគន្ធកញ្ញា លោកព្រាប សុវត្ថិ និង ​​មាស សុខ​សោភា ជាដើម សប្បាយ​នឹងការ​កើប​លុយ​​​ក្នុងពិធី​​​​មួយនេះ ​​ព្រោះតែ​​​​​​​បានច្រើនរោងក្នុង​​​មួយខែៗ ហើយ​​​​​មិន​បាច់​ហត់នឿយ​​​ធ្វើដំណើរផ្លូវឆ្ងាយ​​​​ដូច​​ទៅច្រៀងនៅ​តាមបណ្ដា​ខេត្ត។

អ្នកនាងថា ​​​ខ្លួនមានហេតុ​​ផលមិនទទួលច្រៀង​​​​ក្នុងពិធីមង្គលការ ដោយ​​សារទី​១ ​ក្នុងពិធី​មង្គលការ​មិនសូវហ៊ាន ថ្លៃដូ​ច​​ឡើងឆាកទូរទស្សន៍ ឬ​​​ចេញច្រៀង​​ខេត្តក្រុង ​​​និងទី​​២​ដោយសារតែ​បរិយាកាស​​នៅក្នុងពិធីមង្គលការ​​ គឺ​​​​​ខុស​គ្នាដាច់ឆ្ងាយ នឹងការ​​​ឡើងច្រៀង​លើឆាកតន្ត្រី។ អ្នកនាងថា ​​​​កាលពីមុន​អ្នកនាង​ក៏​ទទួលច្រៀង​​​ក្នុងពិធីមង្គលការ​ម្ដង​ម្កាល​ផងដែរ ប៉ុន្តែ​​​​មកពីអ្នកនាង​បាន​កត់សម្គាល់ឃើញថា​​​​ស្ថានភាពជាក់ស្ដែង​ មិនសូវត្រូវវ​​​នឹង​​​​ចំណូលចិត្តរបស់ខ្លួន ទើបអ្នកនាងឈប់​ទទួល​។ ​​​​​

អ្នកនាង​និយាយថា ​«​អោយតែពិធី​​មង្គលការ អត់​​ទទួលតែ​ម្ដង ព្រោះ​​​បានលុយ​តិចៗទេ ហើយទៅច្រៀង​​​​ដូចមិចទេ ​គឺ​​​មើលទៅ​​​​​​អត់ត្រូវចិត្ត​​​​ម្មង!»

ការ​ទទួលបាន​តម្លៃខ្លួន​​​ប្រហាក់ប្រហែល​នឹង​​ការ​ផ្ដល់អោយនៅ​ក្នុងពិធីមង្គលការ ​អ្នកនាង​សុខចិត្ត​​ទទួលច្រៀង​​ក្នុងតម្លៃ​ដូចគ្នានេះ ឬ​​ទាបជាង​​នេះ នៅក្នុងពិធី​បុណ្យ​បច្ច័យ​បួន​ ឬ​ក្នុងពិធីបុណ្យ​​​វត្ត​​ជាជាង ​​​ដោយសារតែអ្នកនាង​និយាយ​​យ៉ាងខ្លីថា​ស្រួល​ច្រៀង និង​ស្រួល​កូរ​អ្នកគាំទ្រ​ច្រើនជាង។

អ្នកនាង​និយាយថា ​«​ច្រៀងក្នុង​មង្គលការ​ច្របូល​ច្របល់គ្នាណាស់ ​​​​​​​​មួយ​បទ​អ្នកនេះ​ផង​អ្នកនោះ​ផង ​ហើយ​​​​​ជួនកាលពេលយើង​ច្រៀង ​​អ្នកហូប​គិតតែហូប មិនមើល​​យើង​ផង ទើបខ្ញុំអត់​ទទួលច្រៀងតែម្ដង ​តែបើកម្មវិធី​បុណ្យ ទោះជា​អោយ​​​​​តិចជាង​​​​​ក្នុង​ពិធីមង្គលការ​ក៏ទៅ​ដែរ ​​ព្រោះ​មើលទៅ​​​សប្បាយ​ជាង​!»

ការលើកឡើងរបស់អ្នកនាង គឺផ្ទុយពីជំហរ​របស់​តារា​ភាគច្រើន ​ដែលគេ​គិតថា​​ការច្រៀងក្នុងពិធី​​​​បុណ្យ​ដូចជាបុណ្យ ​បច្ច័យបួនជាដើម គឺមិនសមនឹងក្រេឌីតរបស់ខ្លួន ដោយសុខចិត្ត​​ចិត្ត​​ក្នុងពិធី​​មង្គលការ​​​​​​ជាង ព្រោះតែ​​​មិន​បាច់ធ្វើដំណើរ​​​ផ្លូវឆ្ងាយ ហើយ​​​​​​​​មិនខ្វល់រឿង​​​​​​​ច្រៀង​ហាលក្ដៅ​ហាលភ្លៀង​ ​នាំអោយ​​ប្រឡាក់សំលៀកបំពាក់នោះ។ ​

តារា​​ល្បីៗ​ភាគច្រើន បើទោះ​មានតម្លៃ​កប់ពពក​ទៅហើយ ក៏នៅតែ​ទទួលច្រៀង​​ក្នុងមង្គលការ​​​​ដោយមិនប្រកែកនោះទេ ​​ដោយ​​តារាទាំងនោះ​​បានទាំងចាត់ទុកថា​​ការប្រមូល​លុយក្នុងពិធីមង្គលការបើទោះ​មិនបាន​​ច្រើនកប់ពពកដូចពេលឡើងឆាក ប៉ុន្តែក៏បាន​ច្រើន​​​​​​គួរសម និង​​​ងាយ​​​​​ស្រូបលុយ​ផងដែរ ដោយ​តារា​ទាំងនោះ​​យល់ថា ​​ការ​ឡើងច្រៀង​លើឆាកតន្ត្រី​មិនអាច​ទទួលច្រៀង​ជាប់​ថ្ងៃគ្នា​​​​​ញឹកញាប់បានទេ ​តែ​​សម្រាប់​មង្គលការគឺច្រៀងរាល់ថ្ងៃ​ក៏បាន ​​ដ្បិតថា​ម្ចាស់ពិធី​នីមួយៗ​​មិនមែនដដែល។

ពេជ្រ សោភា និយាយថាតារា​ដែល​​​យល់ថាច្រៀង​ក្នុងពិធីមង្គលការ​​​​​​ជាទីតាំង​ស្រួល​យកលុយ នោះជាចំណូលចិត្តរបស់​​​តារា​ទាំំងនោះ ប៉ុន្តែសម្រាប់អ្នកនាង​អត់​ចូលចិត្ត​ទេ លើកលែង​​​​​តែមង្គលការ​ហ៊ាន​​​ចំណាយ​​​អោយត្រូវនឹង​តម្លៃ​​​​ដូចដែលអ្នកនាង​ចេញច្រៀង​​ខេត្តក្រុង​ប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់ថា មាន​ពិធីមង្គលការ​​​​រាប់មិនអស់រួច​មកហើយ ​ដែលអ្នកនាង​ច្រាន​ចោល មិនថា​​ម្ចាស់​​​ពិធីទាក់ទង​មកដោយផ្ទាល់ ឬ​​​​​​​​តាមរយៈ​​​​​អ្នករៀបចំ​កម្មវិធី ​តែអ្នកនាង​បែរជាយល់ព្រម​ទទួល​​តម្លៃ​​ទាប​ជាង​គេ​អោយក្នុងពិធីមង្គលការ​ផង ទៅច្រៀង​​ក្នុងពិធីបុណ្យវត្ត ​បុណ្យ​កឋិន ឬ ​បុណ្យបច្ច័យបួនជាដើម ដោយក្នុងពេលខ្លះ​​​​សូម្បីតែ​​បាន​តម្លៃ​​សម្រាប់តែការចំណាយ​លើ​​​ក្រុមរាំ និង​​ការចាយវាយតាមផ្លូវ ក៏អ្នកនាង​ទទួលច្រៀង។ ក្នុងនោះ​អ្នកនាងក៏នៅប្រកាន់ជំហរ​ជួយច្រៀងក្នុងកម្មវិធីសប្បុរសធម៌​​​​ដោយមិនគិតកម្រៃ​​​​​​ដោយមិនកែប្រែ​ផងដែរ ដើម្បីចែករំលែកក្ដីស្រឡាញ់​​​ដល់អ្នកគាំទ្រ​​​​ និងសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ