រដ្ឋធម្មនុញ្ញរបស់កម្ពុជាបានទទួលស្គាល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលតែងតែប្រារព្ធពិធីបុណ្យបែបព្រះពុទ្ធសាសនាជារៀងរាល់ឆ្នាំមិនដែលខាន។ បើទោះបីត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំក្តី តែសម្រាប់យុវវ័យកម្ពុជាបច្ចុប្បន្នហាក់មិនសូវបានចាប់អារម្មណ៍ចំពោះការប្រារព្ធនេះឡើយ ជាក់ស្តែងបើប្រៀបធៀបពិធីបុណ្យមាឃបូជា ឬពិសាខបូជាជាមួយបុណ្យរបស់ពួកលោកលិចដូចជាបុណ្យណូអែល ឬបុណ្យនៃក្តីស្រលាញ់ យុវជនភាគច្រើនថាពួកគាត់ស្គាល់បុណ្យលោកខាងលិចនេះច្រើនជាង។
ស្អែកនេះជាថ្ងៃ១៤ ខែកុម្ភះ បើយើងមើលទៅប្រតិទិនមួយចំនួនមិនបានកំណត់ថាថ្ងៃនោះជាថ្ងៃអ្វីនោះទេ តែសម្រាប់ប្រជាជនភាគច្រើនជាពិសេសយុវជននៅភ្នំពេញបានដឹងយ៉ាងច្បាស់ថាជាបុណ្យនៃក្តីស្រលាញ់ជាថ្ងៃដែលអ្នកទាំងអស់នោះបង្ហាញក្តីស្រលាញ់របស់ខ្លួនទៅកាន់មនុស្សដែលខ្លួនស្រលាញ់រៀងខ្លួន។
កំពុងអង្គុយរង់ចាំគូដណ្តឹងរបស់ខ្លួននៅសួនច្បារមុខវិទ្យាស្ថានជាតិគ្រប់គ្រងយុវជន ឡា មី អាយុ២៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយផងនោះ បានឲ្យអ្នកសារព័ត៌មានវីអូឌីដឹងថាថ្ងៃ១៤កុម្ភៈសម្រាប់លោកគឺគ្រាន់តែជាថ្ងៃធម្មតាប៉ុណ្ណោះ តែលោកថានៅថ្ងៃនោះលោកក៏បានចូលរួមដូចគេឯងផងដែរគឺជួបជុំគ្នាញាំអីជាមួយគ្រួសារ ក៏ដូចជាផ្ញើសារជូនពរទៅកាន់ម្តាយឪពុកនៅស្រុកកំណើត។ ទោះជាយ៉ាងណានៅពេលដែលអ្នកសារព័ត៌មានសាកសួរពីពិធីបុណ្យជាតិរបស់កម្ពុជាដែលមានដូចជាមាឃបូជា ឬពិសាខបូជា លោកថា លោកពិបាកក្នុងការចងចាំថាថ្ងៃទាំងពីរនោះជាថ្ងៃអ្វី ឬមានអត្ថន័យដូចម្តេចណាស់។
លោកថា៖ « បើថា១៤កុម្ភះអាហ្នឹងយើងច្បាស់ជាគេហ្មងថាអាហ្នឹងថ្ងៃអីគេហ្មង! […] បើសម្រាប់ក្មេងៗយុវជនវាពិសេសជាងគេបន្តិចហើយ ព្រោះថាថ្ងៃ១៤ អាចថាដើរលេងទៅនេះទៅនោះអីបន្តិចអញ្ចឹងណាបង » ។
ជាសិស្សសកលវិទ្យាល័យមួយកញ្ញាឃួន ស្រីអូន អាយុប្រមាណ២០ឆ្នាំ បានដាក់ទូរស័ព្ទរបស់ខ្លួនចុះនៅពេលដែលអ្នកយកព័ត៌មានវីអូឌីសុំសម្ភាសន៍ ថ្វីត្បិតតែកញ្ញាមិនចាប់អារម្មណ៍ពីថ្ងៃនៃក្តីស្រឡាញ់តែកញ្ញាដឹងថាថ្ងៃ១៤កុម្ភៈគឺមានអត្ថន័យបែបណា ខណៈកញ្ញាមិនអាចរៀបរាប់លំអិតពីថ្ងៃបុណ្យមាឃបូជា ឬពិសាខបូជានោះទេ។
កញ្ញាស្រីអូន៖ « មាឃបូជាយើងធ្លាប់រៀនតែValentine day យើងអត់ដែលរៀនទេ។ សំណួរ មាឃបូជាហ្នឹងធ្វើនៅថ្ងៃណាដែរ? អើ….. ដូចជាខែពិសាខ តែភ្លេចបាត់ហើយ។ […] ព្រោះអីទាំងគេទាំងខ្ញុំមិគសិ បុស្ស មាឃអីហ្នឹងខ្ញុំអត់សូវចាំទេ។ មករា កុម្ភៈ អាហ្នឹងចាំច្រើនជាង » ។
កញ្ញាឲ្យដឹងថា មូលហេតុដែលយុវវ័យភាគច្រើនដឹងពីថ្ងៃ Valentine ច្រើនជាងបុណ្យជាតិកម្ពុជាដោយសារតែជារៀងរាល់ឆ្នាំនៅពេលដែលជិតដល់ថ្ងៃនេះគឺមានការផ្សាយពាណិជ្ជកម្ម ក៏ដូចជាផលិតផលនៅហាងមួយចំនួនបានដាក់លក់បញ្ចុះតម្លៃដើម្បីអបអរបុណ្យដែលមិនមែនជាបុណ្យជាតិខ្មែរនេះ។
កំពុងអង្គុយជជែកគ្នាជាមួយគូដណ្តឹងខ្លួន លោក សេដ្ឋា រិទ្ធ អាយុ២៤ឆ្នាំ ពុំបានដឹងថាថ្ងៃពិសាខបូជា ឬមាឃបូជាត្រូវបានប្រារព្ធនៅពេលណា ឬដើម្បីអ្វីទេ ខណៈលោកចាំច្បាស់ពីបុណ្យនៃក្តីស្រឡាញ់នេះថាធ្វើនៅថ្ងៃណាហើយមានអត្ថន័យដូចម្តេច។
លោកថា៖ « ជាទូទៅយុវវ័យយើងគាត់ស្គាល់ទាំងអស់ តែមានតែValentine ហ្នឹងគាត់ចាំជាងគេ។ និយាយទៅដូចបងធ្លាប់និយាយចឹងគឺថាវប្បធម៌ហ្នឹងវាចូលពីប្រទេសហើយយុវវ័យយើងគាត់ជ្រួលតាមគ្នាគាត់គិតថាថ្ងៃហ្នឹងជាថ្ងៃនៃក្តីស្រឡាញ់ហើយយុវវ័យគាត់ណាត់គ្នាទៅនេះទៅនោះអីអញ្ចឹង។ សម្រាប់បងតើបងចាំទេថ្ងៃពិសាខ ថ្ងៃមាឃហ្នឹងគេធ្វើថ្ងៃណា? ចង់និយាយថាបើសិនជាចាំថ្ងៃពិសាខអីហ្នឹងអត់ច្បាស់ដែរ។ បើសិនជាថ្ងៃ Valentine គឺចាំហ្មង » ។
ទិវាបុណ្យនៃក្ដីស្រឡាញ់ ឬ Valentine’s Day មានប្រភពចេញពីប្រទេសលោកខាងលិច ដែលគេប្រារព្ធធ្វើនៅថ្ងៃទី១៤ខែកុម្ភៈ ជារៀងរាល់ឆ្នាំ និងជាទម្លាប់ បុណ្យនេះធ្វើឡើងដើម្បីចែករំលែកសេចក្ដីស្រឡាញ់ដល់ឪពុកម្ដាយ ក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាតិក្នុងពិភពលោក។ នៅកម្ពុជាអ្នកខ្លះហៅបុណ្យនេះថា «បុណ្យសង្សារ» ប៉ុន្តែ ត្រូវបានរិះគន់ថា ជាការយល់ខុសរបស់យុវជនខ្មែរ ដោយថា ជាឥទ្ធិពលវប្បធម៌បរទេស និងការអូសទាញពីសំណាក់ការផ្សាយពាណិជ្ជកម្មគ្មានក្រមសីលធម៌។
នាយកក្រុមប្រឹក្សាយុវជនកម្ពុជាលោក អ៊ឹម សុទី មានប្រសាសន៍ថាមូលហេតុដែលថ្ងៃ Valentine day មានឥទ្ធិពលចំពោះយុវជនកម្ពុជានោះបណ្តាលមកពីយុវជនជាវ័យដែលចូលចិត្តសប្បាយ ជាមួយក្តីស្រលាញ់ និងចូលចិត្តធ្វើអ្វីប្លែកៗជាងពីមុន។ លោកយល់ថាការកំសាន្តគឺជាមួលហេតុធំមួយដែលទាក់ទាញយុវជនឲ្យចូលរួមទិវានេះ។ ទោះជាយ៉ាងណាលោកថាចរន្តនៃបុណ្យនៃក្តីស្រលាញ់ហាក់បានថយចុះបន្តិចម្តងៗហើយនៅកម្ពុជា តែលោកថាថ្វីត្បិតរូបភាពខាងក្រៅថយចុះមែន តែរូបភាពខាងក្នុងហាក់មានភាពសស្រាក់សស្រាំដដែល។
លោកថា៖ «ទាក់ទងនឹងអ្វីដែលជាពិសាខបូជាអីពួកគាត់មិនសូវជាចាប់អារម្មណ៍ទេ។ គាត់ថាហ្នឹងជាប្រពៃណី ចាស់ៗគាត់នៅតែអាចទៅបាន។ តែសំរាប់ក្មេងៗគាត់ចូលចិត្តសប្បាយ ចូលចិត្តដើរលេង ហើយក៏ចូលចិត្តកំសាន្ត ពេលដែលខ្ញុំធ្វើកម្មវិធីម្តងៗ ទាល់តែសម្របសម្រួលតាមពួកគាត់ដែរ។ ពួកគាត់ចូលចិត្តសប្បាយប្លែកៗខុសពីគេ » ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បះលោក ថៃ នរៈសត្យា បានទទួលស្គាល់ឥទ្ធិពលនៃថ្ងៃបុណ្យនៃក្តីស្រលាញ់នេះជាបញ្ហាមួយផងដែរ តែលោកថាមិនធ្ងន់ធ្ងរដែលអាចឈានដល់ប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិនោះទេ។ លោកមានប្រសាសន៍បន្ថែមថា ទាំងក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធទាំងអស់បានយកចិត្តទុកដាក់ជំរុញលើករណីនេះកុំឲ្យជ្រុលហួសហេតុពេកផងដែរ។
លោកថា៖ « យុវជនយើងហាក់បីដូចជាមិនដើរចោលវប្បធម៌ប្រពៃណីយើងទេប្អូន។ ព្រោះបើទោះបីជាគេរង់ចាំចំពោះថ្ងៃValentine day អញ្ចឹងក៏ប៉ុន្តែការរួមចំណែករបស់យុវជនយើងនៅក្នុងសង្គមជាតិនៅក្នុងបុណ្យជាតិ នៅក្នុងពិធីសាសនាដែលជាវប្បធម៌ប្រពៃណីរបស់យើងក៏ឃើញថា មានយ៉ាងគគ្រឹកគគ្រេងផងដែរ។ ដូចនេះខ្ញុំយល់ឃើញថា ជាសុច្ឆន្ទៈយើងមិនត្រូវគិតថា វាជាបញ្ហាមួយដែលធំធេងពេកទេ ហើយវាមានផលប៉ះពាល់គ្រោះថ្នាក់ដល់វប្បធម៌ប្រពៃណីយើងទេគ្រាន់តែវាជាចំណែកមួយនៃការសប្បាយរបស់យុវជនយុវនារីយើងតែប៉ុណ្ណោះ » ។
ក្រសួងអប់រំក្នុងសេចក្តីណែនាំចុះថ្ងៃទី៦កុម្ភៈបានលើកឡើងថា នៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានៃក្តីស្រលាញ់នេះបានធ្វើឱ្យយុវវ័យខ្លះភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារផងដែរ ហើយប្រាសចាកពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ជាតិដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរលង់ណាស់មកហើយ។
ក្រសួងអប់រំបានដាក់វិធានការឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយដល់កូនសិស្សតាមគ្រប់មធ្យោបាយ ជាពិសេសលើកការគ្រប់គ្រងសីលធម៌ និងវិន័យដោយតាមដានអវត្ដមានរបស់សិស្សជាប្រចាំ។
ក្រសួងបន្ថែមថា ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដើម្បីសហការគ្នាអប់រំណែនាំ កែលម្អបានទាន់ពេលវេលា៕