នាយករដ្ឋមន្ត្រីរបស់អូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានដាក់ចេញគោលការណ៍ថ្មីជាផ្លូវការហាមរដ្ឋមន្ត្រីរួមភេទជាមួយបុគ្គលិកដែលថា ប៉ះពាល់សីលធម៌និងបង្កបញ្ហាដល់កន្លែងបំពេញការងារ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានដាក់ចេញបម្រាបនេះ ដោយការធ្វើសន្និសីទសារព័ត៌មានកាលពីម្សិលមិញ។ បម្រាបនេះដាក់ចេញបន្ទាប់ពីឧបនាយករដ្ឋមន្ត្រីលោក Barnaby Joyce ផ្ទុះរឿងស្នេហាជាមួយលេខារបស់លោក ដែលពេលនេះ លេខាជួយផ្នែកព័ត៌មានឈ្មោះ Vikki Campion អាយុ៣៣ កំពុងមានផ្ទៃពោះរងចាំថ្ងៃសម្រាលកូន។ រឿងស្នេហានេះផ្ទុះជាសាធារណៈកាលពីសប្តាហ៍មុន។
នាយករដ្ឋមន្ត្រី Malcolm Turnbull ថ្លែងថា លោក Barnaby Joyce បានធ្វើឲ្យប៉ះពាល់ដល់កន្លែងធ្វើការ ហើយប៉ះពាល់ដល់សីលធម៌ ខណៈឧបនាយករដ្ឋមន្ត្រីរូបនោះ រៀបការ២៤ឆ្នាំហើយ និងមានកូនចំនួន៤នាក់ទៀតផង។
សមាជិកសភាផ្សេងៗទៀតទាមទារឲ្យលោក Barnaby Joyce លាលែងចេញពីតំណែង ប៉ុន្តែមិនទាន់មានការសម្រេចយ៉ាងណានៅឡើយ ចំណែកនាយករដ្ឋមន្ត្រីក៏មិនបានលើកឡើងពីការដកតំណែងឧបនាយករដ្ឋមន្ត្រីនេះដែរគ្រាន់តែចេញបញ្ហាឲ្យសម្រាក១សប្តាហ៍ ដើម្បីពិចារណាលើតួនាទីរបស់ខ្លួន៕