ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រាវក្រុងសៀមរាបចោទថា ក្រុមឈ្មួញបានរៀបចំមនុស្សឲ្យទៅដុតព្រៃលិចទឹកជាជំរកសត្វក្នុងតំបន់នោះ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេដោយមិនមានការទប់ស្កាត់នោះទេ។
ប្រជាពលរដ្ឋបានប្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិថា កាលពីថ្ងៃទី១៤ខែកុម្ភៈ ក្រុមឈ្មួញបានដុតព្រៃលិចទឹកនៅតំបន់នោះអស់ជាង៣០ហិកតា ខណៈកាលពីឆ្នាំមុនព្រៃជាង១០ហិកតាត្រូវបានដុតបំផ្លាញនិង គ្រប់គ្រងដោយឈ្មួញ។
អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងទៀតថា ព្រៃលិចទឹកនៅក្នុងសង្កាត់ជ្រាវនោះមានជាង១០០ហិកតានៅក្នុងតំបន់ចំនួន៣។ ប្រភពដដែលបន្តថា ចៅសង្កាត់ជ្រាវ លោក ក្អោប រ៉ន ថ្លែងកាលពីថ្ងៃទី១៦ខែកុម្ភៈថា លោកមិនទាន់បានដឹងពីការដុតព្រៃលិចទឹកនោះនៅឡើយទេ។