សមត្ថកិច្ចបានឲ្យដឹងថា សាលាឆាន់២ខ្នងស្ថិតក្នុងខេត្តកំពង់ធំ ត្រូវភ្លើងឆេះខ្ទេចកាលពីព្រឹកថ្ងៃសុក្រកន្លងមកនេះ ដោយថា បណ្ដាលមកពីភ្លើងឆ្នើអន្សមនៅក្នុងវត្តរបស់ព្រះសង្ឃ។
មេឃុំតាំងក្រសៅ លោក ផុន ប៉ូច បានឲ្យដឹងថា សាលាឆាន់ ២ខ្នង តម្លៃ ៤ម៉ឺនដុល្លារ និងមានទំហំ ២០ម៉ែត្រគុណនឹង ២៨ម៉ែត្រ ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ត្រូវបានភ្លើងឆេះខ្ទេចខ្ទីកាលពីម៉ោង ៤ព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ។
លោក ផុន ប៉ូច បានឲ្យដឹងទៀតថា មូលហេតុឆេះសាលាឆាន់នោះ គឺបណ្ដាលមកពីក្រុមព្រះសង្ឃឆ្នើអន្សមទុកចោល និងមិនបានប្រុងប្រយ័ត្ន។
មន្ត្រីមូលដ្ឋានរូបនេះ បានឲ្យដឹងថា ឡានពន្លត់អគ្គិភ័យ ២គ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ប៉ុន្តែ អគ្គីភ័យបានឆេះសាលាឆាន់ទាំងនោះអស់ទៅហើយ៕