ប្រតិបត្តិការស្វែងរកយន្តហោះមួយគ្រឿងដែលបានបាត់ខ្លួនជាមួយមនុស្ស ៦៦នាក់នៅតំបន់ភ្នំហ្សាហ្ក្រូសក្នុងប្រទេសអ៊ីរ៉ង់ បានផ្អាកហើយរហូតដល់ព្រឹកថ្ងៃនេះ ខណៈដែលអាកាសធាតុធ្វើឲ្យរាំងស្ទះដល់ដំណើរការរបស់ក្រុមជួយសង្គ្រោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃម្សិលមិញនេះ។
AFP បានដកស្រង់សេចក្ដីប្រកាសព័ត៌មាននៅលើទូរទស្សន៍ IRIB ដែលបានប្រកាសថា ដោយសារអាកាសធាតុធ្លាក់ព្រិល ខ្យល់ខ្លាំង មានភ្លៀង និងងងឹតនោះ ក្រុមជួយសង្គ្រោះមិនអាចទៅដល់កំពូលភ្នំនោះឡើយ ហើយប្រតិបត្តិការស្វែងរកត្រូវបានពន្យាពេលរហូតដល់ថ្ងៃនេះ។
សេចក្ដីប្រកាសព័ត៌មាននោះ បាននិយាយទៀតថា ឧទ្ធម្ភាគចក្រ ៥គ្រឿង ស្ថិតនៅក្នុងលក្ខណៈប្រុងប្រៀបខ្លួនសម្រាប់ចាប់ផ្ដើមប្រតិបត្តិការស្វែងរកឡើងវិញ ប្រសិនបើអាកាសធាតុបានល្អប្រសើរនោះ។
ជើងហោះហើរ EP3704 របស់ក្រុមហ៊ុនអាកាសចរណ៍ Aseman Airlines បានបាត់ខ្លួនពីរ៉ាដានៅ ៤៥នាទីក្រោយពីហោះហើរចេញពីព្រលានយន្តហោះនៅទីក្រុងតេរ៉ង់។
យន្តហោះ ATR-72 ហោះហើរដោយកម្លាំងម៉ាស៊ីន ២ និងដំណើរការអស់រយៈពេល ២៥ឆ្នាំមកហើយនោះ បានចាកចេញពីព្រលានម៉េហ៍រ៉ាបាដ នៅម៉ោប្រហែល ៨ព្រឹក ម៉ោងនៅប្រទេសអ៊ីរ៉ង់ និងហោះហើរឆ្ពោះទៅទីក្រុងយ៉ាស៊ូជ ស្ថិតនៅចម្ងាយ ៥០០គីឡូម៉ែត្រភាគខាងត្បូងប្រទេសនេះ៕