របាយការណ៍របស់អង្គការដែលធ្វើការលើកកម្ពស់សេរីភាពនៃសារព័ត៌មាននៅកម្ពុជាលើកឡើងថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយដួលរលំចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលស្ថានីយ៍វិទ្យុ និងកាសែតឯករាជ្យមួយចំនួនត្រូវបានបង្ខំឲ្យឈប់ផ្សាយ និងបិទទ្វារ ហើយការគំរាមកំហែងនៅតែបន្តកើតមាន។
របាយការណ៍ចេញផ្សាយថ្ងៃទី២១ កុម្ភៈ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថា CCIM បានស្ទង់មតិលើអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយជាង៧៥នាក់ ដែលធ្វើការនៅកម្ពុជា ចាប់ពីចុងឆ្នាំ២០១៧មក។ ក្នុងរបាយការណ៍នោះអ្នកសារព័ត៌មាន៨៣ភាគរយលើកឡើងថា សេរីភាពសារព័ត៌មានបានធ្លាក់ចុះ ចំណែក១១ភាគរយទៀតថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដើរតាមផ្លូវត្រូវ។
ក្នុងរបាយការណ៍នោះក៏បានរកឃើញថាអ្នកសារព័ត៌មាន៦៧ភាគរយមានអារម្មណ៍ថាពួកគេគ្មានសេរីភាពពេញលេញក្នុងការរាយការណ៍ដោយសេរីនោះទេ។
CCIM បានលើកឡើងថាការបិទស្ថានីយវិទ្យុចំនួន៣២ ដែលផ្សាយព័ត៌មានបក្សប្រឆាំង ព័ត៌មានដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ឬផ្សាយព័ត៌មានឯករាជ្យ និងការប្រើប្រាស់ការស៊ើបអង្កេតលើការបង់ពន្ធហើយបានបិទសារព័ត៌មាននោះដោយរដ្ឋាភិបាល រួមទាំងគំរាមកំហែង និងចាប់អ្នកកាសែត ពីបទញុះញង់ និងការផ្តល់ជូនឲ្យរដ្ឋបរទេសនូវព័ត៌មានដែលបង្កភាពអន្តរាយដល់សន្តិសុខជាតិ ជាដើមជាមូលហេតុដែលធ្វើឲ្យមានការវាយតម្លៃពីសេរីភាពសារព័ត៌មានធ្លាក់ចុះបែបនេះ។
មុនឆ្នាំ២០១៧ សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានគេចាត់ថ្នាក់ជាប្រទេសមួយដែលបានសេរីភាពជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
CCIM បានឲ្យអនុសាសន៍ថាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ត្រូវមានការគាំទ្រដែលចាំបាច់ដល់អ្នកសារព័ត៌មាន ជាពិសេសផ្តល់ការគាំទ្រផ្នែកសុខភាព សុវត្ថិភាព និងប្រព័ន្ធឌីជីផល ខណៈរដ្ឋាភិបាលគួរបន្ថយសម្ពាធដល់អ្នកកាសែត ពន្លឿនច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងគួរតែបង្កើតស្ថាប័នឯករាជ្យពីនយោបាយក្នុងការផ្តល់អាជ្ញាប័ណ្ណដល់ស្ថាប័នព័ត៌មាន៕