គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.បថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារយៈពេល ១៤ ថ្ងៃ បានបញ្ចប់ដោយមានភាពស្ងប់ស្ងាត់ មានរបៀបរៀបរយល្អ និងគ្មានអំពើហិង្សា។
គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី ២៣ ខែ កុម្ភៈនេះ ដែលជាថ្ងៃឃោសនាចុងក្រោយថាយុទ្ធនាការឃោសនាបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ របៀបរៀបរយល្អ គ្មានអំពើហិង្សា និង គ្មានបណ្ដឹងតវ៉ានោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ គ.ជ.ប ក៏បានលើកឡើងដែរថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានោះ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងបានធ្វើសកម្មភាពតាមរូបភាពផ្សេងៗ នៅតាមមណ្ឌលភូមិភាគដែលគណបក្សខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ដូចជាការហែក្បួនផ្សព្វផ្សាយ ការប្រជុំឃោសនាផ្សព្វផ្សាយ ការចែកខិតប័ណ្ណ និងការចាក់មេក្រូផ្សាយសារនយោបាយនៅតាមទីស្នាក់ការគណបក្សជាដើម។
ជាមួយគ្នានោះដែរ គ.ជ.ប ថាក្នុងយុទ្ធនាការនោះគណបក្ស ៤ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភាមានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា គឺមានតែគណបក្សកាន់អំណាចទេ ដែលលេចធ្លោជាងគេ ដោយធ្វើសកម្មភាពឃោសនាទូទាំង ៨ ភូមិភាគក្នុង ២៥ រាជធានីខេត្ត។
បើតាមការកំណត់របស់ គ. ជ. ប. យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលពី៤ ចាប់ផ្តើមពីថ្ងៃទី ១០ដល់ថ្ងៃទី២៣ខែកុម្ភៈ ហើយការបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី ២៥ខែកុម្ភៈស្អែក៕