ពលរដ្ឋចិនបារម្ភការដឹកនាំប្រទេសផ្តាច់ការដូចកូរ៉េខាងជើង

ប្រជាពលរដ្ឋនៅក្នុងប្រទេសចិន​បានសម្តែងប្រតិកម្មរបស់ពួកគេតាម​បណ្តាញទំនាក់ទំនងសង្គមដោយបង្ហាញក្តីបារម្ភថា ប្រទេសជាតិអាចនឹងមានបញ្ហាបើការដឹកនាំក្លាយទៅជាផ្តាច់ការដូចនៅកូរ៉េខាងជើង។​

ប្រតិកម្មរបស់ប្រជាពលរដ្ឋកើតឡើងនេះ បន្ទាប់ពីគណបក្សកុម្មុនីស្តស្នើឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញរបស់ប្រទេសដែលកំណត់អាណត្តិមេដឹកនាំត្រឹម១០ឆ្នាំ ឬ ២អាណត្តិនោះចេញវិញ។​ ដែលការកែប្រែរដ្ឋធម្មនុញ្ញនេះ អាចបើកផ្លូវឲ្យលោក ស៊ី ជីនពីងមេដឹកនាំដែលកំពុងមានប្រជាប្រិយភាពនៅពេលបច្ចុប្បន្នអាចដឹកនាំប្រទេសដោយមិនកំណត់ពេល។

​ប្រទេសកុម្មុយនីស្តចិនមានការរឹតត្បិតខ្លាំងលើសិទ្ធិសេរីនៃការសម្តែងមតិ ដូច្នេះពលរដ្ឋមិនអាចជួបជុំគ្នាដើម្បីបញ្ជាក់ជំហរបានទេគឺពួកគេជ្រើសរើសយកបណ្តាញទំនាក់ទំនងសង្គមដើម្បីសម្តែងមតិ។​ ទោះយ៉ាងណាកាលពីថ្ងៃចន្ទម្សិលមិញប្រព័ន្ធផ្សព្វផ្សាយជាច្រើន ត្រូវបានបិទ ឬ រារាំងដោយសារផ្សព្វផ្សាយអត្ថបទរិះគន់គណបក្សកុម្មុយនីស្ត។​

សំណើរបស់គណបក្សកុម្មនីស្តដែលលើកឡើងកាលពីថ្ងៃថ្ងៃអាទិត្យនោះ នឹងលើកយកទៅជជែកក្នុងអង្គប្រជុំជាមួយគណៈប្រតិភូដែលស្មោះស្ម័គ្រជាមួយបក្សនៅដើមខែក្រោយនេះ ហើយឈានដល់ការកែប្រែឬ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។​

សំណើនេះនឹងឈានដល់ការសរសេរទស្សនៈនយោបាយរបស់លោក ស៊ី ជីនពីង ចូលក្នុងរដ្ឋធម្មនុញ្ញដែលបច្ចុប្បន្នលោកស៊ី កំពុងតែប្រើអំណាចខ្លាំងក្លាបង្ក្រាបលើអំពើពុករលួយ។ គោលនយោបាយផ្ទៃក្នុងរបស់លោកស៊ី គឺការពង្រឹងវិស័យយោធា ចំណែកគោលនយោបាយភូមិសាស្ត្រតំបន់គឺ ខ្សែក្រវាត់មួយ វិថីមួយ។

លោក ស៊ី បានជ្រើសរើសមន្ត្រីដែលស្និទ្ធនិងស្មោះស្ម័គ្រឲ្យកាន់តំណែងនៅជិតខ្លួន ហើយការធ្វើវិសោធនកម្មច្បាប់បើកឲ្យលោកកាន់តំណែងដោយមិនកំណត់ពេលនេះ នឹងធ្វើឲ្យអំណាចរបស់លោកស៊ី កាន់តែខ្លាំងក្លាហើយបើកការបង្ក្រាបលើក្រុមអ្នកប្រឆាំងកាន់តែខ្លាំងថែមទៀត។​

អ្នកប្រើប្រាស់បណ្តាញសង្គម Weibo ម្នាក់នៅក្នុងប្រទេសចិនសរសេរថា ខ្សែស្រលាយត្រកូលគីម បង្កើតអំណាចតាំងពីទសវត្សរ៍ឆ្នាំ១៩៤០ ហើយបន្តប្រើប្រាស់អំណាចគ្រប់គ្រងកូរ៉េខាងជើងរហូតដល់ពេលបច្ចុប្បន្ននេះ។​

អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងៗទៀត ធ្វើសកម្មភាពរិះគន់បន្តបន្ទាប់លើផែនការរបស់គណបក្សកុម្មុនីស្ត ដោយអ្នកខ្លះថា «យើងកំពុងធ្វើដំណើរដូចប្រទេសជិតខាងជើងគឺកូរ៉េខាងជើង»

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang ថ្លែងថា រដ្ឋធម្មនុញ្ញតាំងពីឆ្នាំ១៩៥៤មក នេះជាលើកទីមួយហើយដែល ដែលប្រជាពលរដ្ឋបានទទួលការរីកចម្រើនដ៏ប្រសើរនេះ។​

អ្នកនាំពាក្យសេតវិមានរបស់អាមេរិក​លោកស្រី Sarah Sanders ថ្លែងប្រាប់អ្នកសារព័ត៌មាន​ថា លោកត្រាំ នៅតែគាំទ្រឲ្យមានការដឹកនាំដោយមានដែនកំណត់សម្រាប់អាមេរិក ប៉ុន្តែលោកថា នៅចិនគឺជាការសម្រេចរបស់ចិនសម្រាប់ប្រទេសរបស់ពួកគេ។​

លោកត្រាំ ថ្លែងថា លោក ស៊ី គឺជាមេដឹកនាំអស្ចារ្យ ហើយសហរដ្ឋអាមេរិកនៅតែមានទំនាក់ទំនងល្អជាមួយចិនជានិច្ច។​

ចំណែកសារព័ត៌មានរបស់រដ្ឋចិនព្យាយាមពន្យល់ដល់សាធារណជនលើបញ្ហានេះ កាសែត Global Times បានចុះផ្សាយអត្ថបទទស្សនៈមួយថា ការផ្លាស់ប្តូរនេះ មិនមែនមានន័យថា លោក ស៊ី ជីនពីង កាន់តំណែងអស់មួយជីវិតនោះទេ ប៉ុន្តែមិនបានពន្យល់លម្អិតលើបញ្ហានេះនោះទេ។

ចំណែកទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ចុះផ្សាយអត្ថបទខ្នាតវែងមួយ ដោយថា ប្រជាពលរដ្ឋភាគច្រើនលើសលប់បានគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។​

បើទោះជា សារព័ត៌មាន​របស់រដ្ឋព្យាយាមចុះផ្សាយការពារយ៉ាងណាក៏ដោយ ប៉ុន្តែសារព័ត៌មាន​ល្បីៗលើឆាកអន្តរជាតិជាច្រើនបានចុះផ្សាយពីក្តីបារម្ភរបស់ប្រជាពលរដ្ឋចិន លើករណីកែប្រែរដ្ឋធម្មនុញ្ញបើកផ្លូវឲ្យមេដឹកនាំកាន់អំណាចដោយមិនកំណត់ពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ