ថៃកំពុងរងសម្ពាធទាំងក្នុងនិងក្រៅប្រទេសករណីពន្យារពេលបោះឆ្នោត​

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា (ជន ចាន់រ៉ែន)

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) កំពុងតែរងសម្ពាធពីសហគមន៍អន្តរជាតិ និង ពលរដ្ឋនៅក្នុងប្រទេស ជុំវិញករណីពន្យារពេលបោះឆ្នោតម្តងហើយម្តងទៀតនោះ។​

ក្រៅពីសហរដ្ឋអាមេរិក និង បណ្តាប្រទេសលោកសេរីផ្សេងទៀត ដែលថ្កោលរដ្ឋាភិបាលយោធាថៃនោះ ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះក៏កំពុងតែធ្វើសកម្មភាពជំរុញឲ្យរដ្ឋាភិបាលរបស់ពួកគេរៀបចំការបោះឆ្នោត។​

កាលពីសប្តាហ៍មុនក៏មានចលនានៅតាមដងផ្លូវក្នុងទីក្រុងបាងកកដើម្បីជំរុញឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោត។

នៅថ្ងៃអង្គារម្សិលមិញ លោក ប្រាយុទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងបាងកកថា លោកនឹងរៀបចំការបោះឆ្នោតមិនឲ្យហួសខែកុម្ភៈឆ្នាំ២០១៩នោះទេ«ពេលនេះខ្ញុំសូមឆ្លើយឲ្យបានច្បាស់លាស់ថា ការបោះឆ្នោតមួយនឹងកើតឡើងមិនឲ្យហួសខែកុម្ភៈឆ្នាំ២០១៩នោះទេ»។

ទោះយ៉ាងណាការសន្យារៀបចំការបោះឆ្នោតនេះ មិនមែនជាលើកទី១នោះទេ ដែលលោកប្រាយុទ្ធ ធ្លាប់បានសន្យាហើយការសន្យាកន្លងមកតែងតែត្រូវប្រកាសពន្យារពេលវិញដោយមិនបានពន្យល់មូលហេតុច្បាស់លាស់នោះទេ។​

អតីតឧបនាយករដ្ឋមន្ត្រី និង ជាមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សប្រឆាំងគឺគណបក្សភឿថៃ លោក ផុងថេប ថេបកានចាណា(Phongthep Thepkanjana) ថ្លែងថា ការពន្យារពេលញឹកពេកធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើរដ្ឋាភិបាលបច្ចុប្បន្នក្នុងការរៀបចំការបោះឆ្នោត។​

ប្រទេសថៃបច្ចុប្បន្នកំពុងតែរងការបែកបាក់ទៅជាក្រុមមនុស្សពីរផ្នែកធំៗគឺក្រុមអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ ស៊ីន និង ក្រុមឥស្សរជនល្បីៗនៅក្នុងទីក្រុងបាងកក។ ក្រុមឥស្សរជនមានខ្សែរាជវង្សនៅពីក្រោយ ចំណែកខ្សែលោកថាក់ ស៊ីន មានប្រជាពលរដ្ឋក្រីក្រច្រើន​គាំទ្រ។​

លោក ផុងថេប ថ្លែងថា ប្រជាពលរដ្ឋថៃ ក៏ដូចជារូបលោកដែរ គឺមិនអាចអត់ទ្រាំឲ្យនាយករដ្ឋមន្ត្រី ដឹកនាំដោយរបបយោធាបច្ចុប្បន្នពន្យារពេលបោះឆ្នោតម្តងហើយម្តងទៀតនោះទេ។​

ទោះយ៉ាងណាខាងគណបក្សប្រជាធិបតេយ្យជាក្រុមអ្នកមាននៅក្នុងទីក្រុងបាងកក ដែលហាក់គាំទ្ររដ្ឋាភិបាលយោធាបច្ចុប្បន្នថ្លែងថា ការប្រកាសពន្យារពេលបោះឆ្នោតនេះ ធ្វើឲ្យមានទំនុកចិត្តដល់អ្នកវិនិយោគដោយថា អ្នកវិនិយោគត្រូវមាននឹងនរផ្នែកនយោបាយ។​

ក្រុមអ្នករិះគន់ចោទថា លោក​ប្រាយុទ្ធចាន់ ចង់ពន្យារពេល ដោយរង់ចាំធ្វើយ៉ាងណា ឲ្យយោធានៅតែមានឥទ្ធិពលសំខាន់ក្នុងការសម្រេចលើស្ថានភាពនយោបាយនៅក្នុងប្រទេសគឺ បានន័យថា បើរៀបចំការបោះឆ្នោតហើយ អ្នកណាឈ្នះក៏ដោយយោធានៅតែមានឥទ្ធិពលក្នុងការសម្រេចលើកិច្ចការសំខាន់ៗ។​

ចាប់តាំងពីលោក ប្រាយុទ្ធ ចាន់អូចាដឹកនាំ ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីខែឧសភាឆ្នាំ២០១៤មក ក្រុមអ្នកប្រឆាំង  រួមទាំងសារព័ត៌មាន និង អ្នកការពារសិទ្ធិមនុស្សរងការបង្ក្រាបយ៉ាងខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ