តុលាការកោះហៅលោក សម រង្ស៊ីឲ្យចូលបំភ្លឺពីបទញុះញង់

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺពីបទញុះញង់ កុំឲ្យយោធិន ស្ដាប់បង្គាប់ និង ធ្វើឲ្យខូតទឹកចិត្តកងទ័ពដែលប្រព្រឹត្តកាលពីចុងឆ្នាំ ២០១៧។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានចេញដីការមួយចុះថ្ងៃទី ២៣ ខែ កុម្ភៈ ដោយបង្គាប់ឲ្យលោក សម រង្ស៊ីចូលមកបំភ្លឺនៅតុលាការ នៅថ្ងៃទី ១៩ ខែ មីនានេះ វេលាម៉ោង ០៩ ព្រឹក ដើម្បី​សាកសួរ។

តាមដីការដដែលនោះបានលើកឡើងថាលោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ កុំឲ្យយោធិន ស្ដាប់បង្គាប់ និង ធ្វើឲ្យខូតទឹកចិត្តកងទ័ព ដែលប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ ហើយបទល្មើសនេះ​ជាបទល្មើស​ព្រហ្ម​ទណ្ឌ ដែលមានចែងក្នុងមាត្រា ៤៧១ និង មាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ។

ក្នុងដីកាដដែលនោះតុលាការក៏បង្គាប់ឲ្យលោក សម រង្ស៊ី យកមកជាមួយនូវលិខិតផ្សេងៗបើមាន ដែលការ​ពាក់​ព័ន្ធ​នឹង​​សំណុំ​រឿងខាងលើ។

លោក សម រង្ស៊ី ដែលកំពុងនិរទ្ទេសខ្លួនបានទទួលរងនូវបណ្ដឹង ជា​ច្រើន​ពី​គណបក្សប្រជា​ជន​ ដែល​ក្នុង​នោះរាប់​​ទាំង​បណ្តឹង​របស់​ប្រធាន​រដ្ឋ​សភា លោក ហេង សំ​រិន ដែល​ប្តឹង​ពីបទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​បណ្តឹង​លោក​ហ៊ុន​​ សែន​ ដែល​ប្តឹងក្នុង​បទ​ចោទ​ដូច​គ្នា​នេះ។

ដី​កា​ចុះ​ថ្ងៃទី​​២៦ កុម្ភៈ សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​សម្រេចរឹប​អូស​ទ្រព្យ​សម្បត្តិ​លោក​សម រង្ស៊ី ដែល​មាន​ទី​តាំង​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំពេញ ដែល​ជាអតី​ត​ទីស្នាក់​ការ​បក្សសង្គ្រោះ​ជាតិទុក រង់​ចាំ​ដល់​សំណុំ​រឿង​ចប់​ជា​ស្ថាពរ ដើម្បី​ត្រៀម​លក់​ឡៃ​ឡុង​សង​លោក ហេង សំរិន និង​លោក​ ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ