គីម ជុងអ៊ុន ចង់សរសេរប្រវត្តិសាស្ត្រនៃការរួបរួមកូរ៉េ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងប្រាប់គណៈប្រតិភូរបស់កូរ៉េខាងត្បូងថា លោក ចង់សរសេរប្រវត្តិសាស្ត្រថ្មីមួយនៃការរួបរួមកូរ៉េឡើងវិញ ក្រោយពេលប្រទេសនេះបែកជាពីរតាំងពីឆ្នាំ១៩៥៣មក។​

លោក គីម ជុងអ៊ុន ថ្លែងបែបនេះ នៅពេលដែលគណៈប្រតិភូមួយក្រុមរបស់កូរ៉េខាងត្បូងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង។​ ការថ្លែងបែបនេះ ក៏ជាលើកទី១ដែរចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់តំណែងកាលពីឆ្នាំ២០១១មក។​

មេដឹកនាំកូរ៉េខាងជើងរូបនេះ បានថ្លែងប្រាប់គណៈប្រតិភូកូរ៉េខាងត្បូងថា លោក ពិតជាចង់មានទំនាក់ទំនងឲ្យបានកាន់តែស្និទ្ធជាមួយកូរ៉េខាងត្បូង។ កាលពីថ្ងៃចន្ទម្សិលមិញ លោក គីម ជុងអ៊ុន ក៏បានរៀបចំ និងចូលរួមអាហារពេលល្ងាចជាមួយគណៈប្រតិភូរបស់កូរ៉េខាងត្បូង។ នេះបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA។​

គណៈប្រតិភូរបស់កូរ៉េខាងត្បូងមាន១០រូប ដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់មានមុខងារសំខាន់ៗក្នុងនោះរួមមានទាំង មន្ត្រីមានតំណែងស្មើរដ្ឋមន្ត្រីគឺ ប្រធានចារកម្ម​លោក Suh Hoon និង លោក Chung Eui-yong ជាទីប្រឹក្សាសន្តិសុខជាតិ។​

លោក Chung ថ្លែងប្រាប់អ្នកសារព័ត៌មាន​ថា ដំណើរទស្សនកិច្ចនេះ នឹងបើកផ្លូវឲ្យលោក Moon Jae-in​ ប្រធានាធិបតីខាងត្បូង អាចជួបជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បីស្វែងរកដំណោះស្រាយជាថ្មី ក្នុងបញ្ចប់ជម្លោះនៅក្នុងឧបទ្វីបកូរ៉េ ហើយឈានដល់ការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែនៅក្នុងឧបទ្វីបនេះ។​

ចាប់តាំងពីលោក Moon Jae-in ឡើងកាន់តំណែងមក លោក តែងតែបង្ហាញជំហរចង់ ផ្សះផ្សាជាមួយកូរ៉េខាងជើង។​

តាមការចុះផ្សាយរបស់ KCNA គឺមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន​ បានបើកចិត្តក្នុងការជជែកគ្រប់បញ្ហា និង បានស្វាគមន៍យ៉ាងកក់ក្តៅដល់ភាគីកូរ៉េខាងត្បូង។​

ដំណើរការវិវត្តន៍ល្អនៃការទំនាក់ទំនងរវាងកូរ៉េខាងជើង គឺចាប់ផ្តើមតាំងពីដើមឆ្នាំ២០១៨នេះ ក្រោយពេលដែលលោក គីម ជុងអ៊ុន ថ្លែងបញ្ជាក់ជំហរក្នុងការបញ្ជូនក្រុមកីឡា និង គណៈប្រតិភូ របស់កូរ៉េខាងជើង ចូលរួមការប្រកួតកីឡាអូឡាំពិករដូវត្រជាក់នៅកូរ៉េខាងត្បូង។​

ការដូរជំហររបស់មេដឹកនាំកូរ៉េខាងជើងបង្ហាញការចង់ស្និទ្ធស្នាលជាមួយកូរ៉េខាងត្បូងដែលធ្វើឲ្យសហគមន៍អន្តរជាតិមានការចាប់អារម្មណ៍នេះ គឺធ្វើឡើងបន្ទាប់ពីរ កាលពីចុងឆ្នាំ២០១៧ អង្គការសហប្រជាតិ និង សម្ព័ន្ធមិត្តរបស់អាមេរិក​បានប្រកាសដាក់ទណ្ឌកម្មកាន់តែខ្លាំងលើប្រទេសនេះ ដោយសារតែសាកល្បងកម្មវិធីអាវុធនុយក្លេអ៊ែម្តងហើយម្តងទៀត។

ករណីនេះ ធ្វើឲ្យអន្តរជាតិនៅតែមានភាពមិនច្បាស់លាស់ថា តើឥរិយាបថរបស់មេដឹកនាំកូរ៉េខាងជើងនៅពេលនេះ ធ្វើឡើងដោយស្មោះត្រង់ ឬ ដើម្បីបន្ធូរស្ថានការណ៍មួយពេលតែប៉ុណ្ណោះនោះ ព្រោះថា កាលពីចុងឆ្នាំ២០១៧ លោក គីម ជុងអ៊ុន តែងតែគំរាមញឹកញាប់ក្នុងវាយប្រហារកូរ៉េខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ