ទីម័រខាងកើតចុះហត្ថលេខាបញ្ចប់ជម្លោះដែនសមុទ្រជាមួយអូស្ត្រាលី

ប្រទេសទីម័រខាងកើតបានចុះហេត្ថលេខាជាមួយប្រទេសអូស្ត្រាលីកាលពីថ្ងៃអង្គារម្សិលមិញ នៅអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍កន្លងទៅនេះ លើករណីដែនសមុទ្ររួមគ្នា និងអាចដំណើរការគម្រោងវិនិយោគតម្លៃរាប់លានដុល្លារទៀតផង។​

កិច្ចព្រមព្រៀងនេះ គេរំពឹងថា នឹងអាចជួយបានច្រើនដល់ការអភិវឌ្ឍន៍ប្រទេសទីម័រ ជាប្រទេសដែលក្រីក្រជាងគេមួយនៅអាស៊ី។​ ចំណូលដែលរំពឹងថា អាចជួយដល់ប្រទេសទីម័រនោះ គឺបានពីការបែងចែកផលពីការទាញយកប្រេងនៅព្រំដែនប្រទេសទាំងពីរ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។​

បន្ទាប់ពីការចុះហត្ថលេខានៅក្នុងពិធីមួយនៅអង្គការសហប្រជាជាតិ​ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Julie Bishop ថ្លែងថា ទីម័រនឹងទទួលបានផលប្រសើរពីកិច្ចព្រមព្រៀងនេះ។ លោកស្រីថា គម្រោងនេះនឹងផ្តល់ចំណូលរាប់លានដុល្លារជួយដល់ជីវិតនៅទីម័រខាងកើត។​

តាមការស្រាវជ្រាវកាលពីឆ្នាំ១៩៧៤ គឺធនធានប្រេងនៅទីនោះ មានតម្លៃប្រមាណចន្លោះពី៤០ទៅ៥០លានដុល្លារ ដែលទីតាំងនេះស្ថិតនៅចម្ងាយប្រមាណ១៥០គីឡូ ម៉ែត្រពីទីម័រ និង ៤៥០គីឡូម៉ែត្រពីទីក្រុងDarwin របស់អូស្តាលី។

​ទីម័រជាប្រទេសក្រីក្រមួយនៅទ្វីបអាស៊ី ហើយធ្លាប់មានជម្លោះជាមួយប្រទេសអូស្ត្រាលី ជុំវិញព្រំដែនសមុទ្រ ចាប់តាំងពីរការទទួលបានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ២០០២។​

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក​Antornio Guterres  ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា ហើយនេះជាករណីទី១ហើយដែលមានផ្សះផ្សាក្រោមការសម្របសម្រួលដោយអង្គការសហប្រជាជាតិ​ដោយប្រើប្រាស់ច្បាប់សមុទ្រ។​

កិច្ចព្រមព្រៀងនេះ មិនបាននិយាយលម្អិតពីការបែងចែកផលប្រយោជន៍នៅឡើយប៉ុន្តែខាងភាគីអូស្ត្រាលីបញ្ជាក់ថា ទីម័រនឹងទទួលបានផលច្រើនលើសលប់ប្រមាណ​៧០ទៅ៨០ភាគរយ ហើយនឹងធ្វើឲ្យអ្នកវិនិយោគបរទេសចាប់អារម្មណ៍ទៅបោះទុនននៅទីនោះកាន់តែច្រើន។​

កាលពីឆ្នាំ២០១៦ ទីម័របានប្តឹងករណីនេះ ទៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ដែលតុលាការអន្តរជាតិ​ចាស់ជាងគេលើពិភពលោកមួយនេះ មានទីតាំងនៅទីក្រុងសឺណែវប្រទេសស្វីស ដើម្បីឲ្យជួយស្វែងរកដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ