រាជរដ្ឋាភិបាលប្រកាសយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣ ខណៈមនុស្សជិត២ម៉ឺននាក់ត្រូវបានឃាត់ខ្លួន ហើយបញ្ហាគ្រឿងញៀននៅតែជាក្តីកង្វល់នៅក្នុងសង្គម។
ក្នុងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ចុះថ្ងៃទី២៦ កុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចបន្តយុទ្ធនាការនេះបន្តទៀតដែលមានរយៈពេល១ឆ្នាំដោយគិតចាប់ពីថ្ងៃទី១ មករា រហូតដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ ដើម្បីកាត់បន្ថយការចរាចរ ជួញដូរ និងផលិតគ្រឿងញៀនដែលបានជះឥទ្ធិពលដល់កម្ពុជា។
ក្នុងផែនការនោះលោកហ៊ុន សែន ក៏បានលើកពីភាពជោគជ័យយុទ្ធនាការពីខាងមុនផងដែរ ដែលបានបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៨ ១៧៣ករណី ឃាត់ខ្លួនជនសង្ស័យបានជាង ១ម៉ឺន ៧ពាន់នាក់ និងចាប់បានសារធាតុញៀនជិត២ម៉ឺនគីឡូក្រាម។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា មនុស្សដល់ទៅជាង ២៦០០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសនៅអំឡុងពេល ២ខែដើមឆ្នាំនេះ។
កាលពីសប្តាហ៍មុនសមត្ថកិច្ចខេត្តស្ទឹងត្រែងក៏បានចាប់ខ្លួនជនជាតិឡាវម្នាក់ផងដែរដែលពាក់ព័ន្ធទៅនឹងជាង៣០គីឡូក្រាម៕