លោកត្រាំ និងលោក គីម ជុងអ៊ុន ជួបគ្នាខែឧសភា

មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានគម្រោងជួបគ្នានៅក្នុងខែឧសភាខាងមុខនេះ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាកំពុងប្រឈមនៅឧបទ្វីបកូរ៉េ។

សេចក្តីប្រកាសដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពីមហាជននោះគឺមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូងបានលើកឡើងនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃនេះថា មេដឹកនាំកូរ៉េខាងជើង សុំជួបជាមួយមេដឹកនាំអាមេរិក មេដឹកនាំកូរ៉េខាងជើងក៏បានប្តេជ្ញាក្នុងការផ្អាកសាកល្បងអាវុធ និង ឈានដល់ការបំផ្លាញកម្មវិធីអាវុធនុយក្លេអ៊ែ។ នេះបើតាមសារព័ត៌មាន BBC។

គណៈប្រតិភូរបស់កូរ៉េខាងត្បូងបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅដើមសប្តាហ៍នេះ  រយៈពេលពីរថ្ងៃហើយបញ្ជាក់ថា ទទួលបានលទ្ធផលល្អ ទើបនាំសារពីមេដឹកនាំកូរ៉េខាងជើងទៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយលោក ដូណាល ត្រាំ។

ទន្ទឹមនឹងការបង្ហាញជំហរចង់ជួបជាមួយមេដឹកនាំអាមេរិកនេះ មេដឹកនាំកូរ៉េខាងជើងក៏បានបញ្ជាក់ជំហរថា នឹងជួបជាមួយមេដឹកនាំកូរ៉េខាងត្បូងនៅក្នុងខែមេសាខាងមុខនេះ។

លោក ដូណាល ត្រាំ ដែលពីមុនធ្លាប់ថ្លែងថា មិនមានអ្វីនិយាយជាមួយកូរ៉េខាងជើងនោះថ្លែងថា ពេលនេះស្ថានភាពបានប្រសើរឡើង ហើយលោកគ្រោងជួបជាមួយលោក គីម ជុងអ៊ុន នៅក្នុងខែឧសភាខាងមុខ។

ទោះយ៉ាងណាលោក ត្រាំ ថ្លែងថា ដំណើរការចរចាបានរីកចម្រើន ប៉ុន្តែកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងនៅតែបន្តមិនទាន់ផ្អាក លោកថា ដូច្នេះទណ្ឌកម្មនៅតែបន្តអនុវត្តន៍ រហូតដល់មានការកិច្ចព្រមព្រៀងជាផ្លូវការកើតឡើង។

ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងលោក Chung ថ្លែងថា លោកបានប្រាប់លោក ត្រាំ អំពីគោលបំណងរបស់លោក គីម ជុងអ៊ុន ដែលប្តេជ្ញារំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែ។

ទាំងគម្រោងជំនួបមេដឹកនាំកូរ៉េខាងត្បូងជាមួយកូរ៉េខាងជើង និង ជំនួបមេដឹកនាំកូរ៉េខាងជើងជាមួយអាមេរិកគឺពួកគេមិនទាន់ផ្តល់ព័ត៌មានលម្អិតលើខ្លឹមសារ និង ទីតាំងដែលត្រូវជួបគ្នានោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ