ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងកំណត់ពន្ធគយលើទំនិញនាំចូលពីចិនមានតម្លៃដល់ទៅ ៦០ពាន់លានដុល្លារ ហើយនឹងដាក់ទៅលើវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍។
ទីភ្នាក់ងារព័ត៌មានអង់គ្លេសមួយនេះ បានចុះផ្សាយបែបនេះ ដោយបានដកស្រង់សម្ដីរបស់មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប ដែលបានជជែកអំពីបញ្ហានេះជាមួយសេតវិមានកាលពីថ្ងៃម្សិលមិញនេះ។
ប្រភពដែលបានជ្រាបពីបញ្ហានេះដោយផ្ទាល់នោះ បាននិយាយថា ការកំណត់ពន្ធគយលើទំនិញនាំចូលពីចិន ដែលស្ថិតនៅផ្នែកស៊ើបអង្កេតលើកម្មសិទ្ធិបញ្ញានៅក្រោមច្បាប់ពាណិជ្ជកម្មអាមេរិកឆ្នាំ១៩៧៤នោះ អាចនឹងកើតឡើងនៅក្នុងពេលអនាគតដ៏ឆាប់ខាងមុខនេះ។
ខណៈដែលការកំណត់យកពន្ធគយនេះ នឹងធ្វើឡើងតែទៅលើបច្ចេកវិទ្យាព័ត៌មានវិទ្យា វិស័យអេឡិចត្រូនិច និងទូរគមនាគមន៍នោះ វិធានការថ្មីនេះ អាចនឹងកាន់តែទូលាយថែមទៀត ហើយទំនិញដែលអាចស្ថិតនៅក្រោមការកំណត់ឲ្យបង់ពន្ធគយនោះ អាចមានរហូតដល់ ១០០មុខឯណោះ៕
ក្រុងវ៉ាស៊ីងតោន កំពុងតែកំណត់យកពន្ធគយលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ដើម្បីដាក់ទណ្ឌកម្មពួកគេជាការឆ្លើយតបទៅនឹងគោលនយោបាយវិនិយោគរបស់ចិន ដែលបង្ខំក្រុមហ៊ុនអាមេរិក ឲ្យបោះបង់ការលាក់បាំងអាថ៌កំបាំងផ្នែកបច្ចេកវិទ្យារបស់ពួកគេ ជាថ្នូរទៅនឹងការអនុញ្ញាតឲ្យប្រតិបត្តិនៅក្នុងប្រទេសនេះ រួមជាមួយការចោទថា បានលួចកម្មសិទ្ធិបញ្ញា។
Reuters បានចុះផ្សាយបន្ថែមថា ទំហំពាណិជ្ជកម្មដែលចិននាំចូលទៅអាមេរិក មានចំនួនដល់ទៅ ៣៧៥ពាន់លានដុល្លារអាមេរិក ច្រើនជាងអាមេរិកនាំទំនិញចូលទៅចិន ហើយអំឡុងពេលទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រធានាធីបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីងតោននោះ សេតវិមានអាមេរិក បានដាក់សម្ពាធលើមន្ត្រីចិនរូបនោះ ឲ្យឈានទៅកាន់បន្ថយគម្លាតដ៏ធំនេះ៕