អង់គ្លេស​បណ្ដេញ​អ្នក​ការទូត​រុស្ស៊ី​ជុំ​វិញ​ការ​បំពុល​ចារកម្ម​លើ​ទឹក​ដី​ខ្លួន

នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ បាន​សម្រេច​បណ្ដេញ​អ្នក​ការទូត ២៣​រូប​ចេញ​ពី​ប្រទេស​ខ្លួន ព្រម​ទាំង​​សម្រេច​ផ្អាក​ទំនាក់​ទំនង​កម្រិត​ខ្ពស់​ជាមួយ​រុស្ស៊ី ក្នុង​នោះ​មាន​ទាំង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់​ទាត់​ពិភព​លោក World Cup ផង​ដែរ ដោយ​អ្នក​ស្រី​ថា រដ្ឋាភិបាល​អង់គ្លេស​រក​ឃើញ​ថា ក្រុង​មូស្គូ​ទទួល​ខុស​ត្រូវ​លើ​ការ​ដាក់​ថ្នាំ​បំពុល​​លើ​អតីត​ចារកម្ម​ម្នាក់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​តាម​ការ​ចុះផ្សាយ​របស់ AFP ដដែល​នេះ អ្នកស្រី ម៉េយ៍ បាន​ប្រាប់​ទៅ​សភា​អង់គ្លេស​ថា រុស្ស៊ី​​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​អ្នកស្រី​ឲ្យ​ពន្យល់​ពី​របៀប​ដែល​ថ្នាំ​គីមី​ពុល Novichok ផលិត​ឡើង​នៅ​ជំនាន់​សូវៀត ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ទីក្រុង​ Salisbury របស់​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​៤ ខែមីនា​នេះ។

AFP បាន​ចុះ​ផ្សាយ​បន្ថែម​ថា នៅ​ឯ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក ​អាមេរិក​បាន​បង្ហាញ​ជំហរ​រឹង​មាំ​របស់​ខ្លួន​នៅ​ខាង​អង់គ្លេស ដោយ​បាន​ទាត់​ចោល​នូវ​ការ​អះ​អាង​របស់​ក្រុង​មូស្គូ​ថា មិន​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​លោក Sergei Skripal និង​កូន​ស្រី​របស់​លោក​នោះ។

អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នកស្រី Nikki Haley បាន​ប្រាប់​អង្គ​ប្រជុំ​នោះ​ថា សហរដ្ឋ​អាមេរិក​ជឿ​ថា រុស្ស៊ី​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​ទៅ​លើ​មនុស្ស​ទាំង ២​នាក់​នោះ នៅ​លើ​ទឹក​ដី​អង់គ្លេស ដោយ​បាន​ប្រើ​ប្រាស់​ថ្នាំ​គីមី​ពុល​។

សម្ព័ន្ធ​មិត្ត​យោធា​ណាតូ ក៏​បាន​បង្ហាញ​ការ​គាំ​ទ្រ​របស់​ពួកគេ​ចំពោះ​អង់គ្លេស​ផង​ដែរ ក្រោយ​ពី​ថ្នាំ​គីមី​ពុល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​លើក​ដំបូង​នៅ​អឺរ៉ុប បន្ទាប់​ពី​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​លោក​លើក​ទី​២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ