ឈ្មួញគ្រឿងញៀនជនជាតិឡាវដ៏ធំដែលគេហៅថា លោក អ៊ិច នោះ ត្រូវបានតុលាការថៃសម្រេចកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតនៅថ្ងៃនេះ ខណៈដែលថៃកំពុងតែប្រយុទ្ធនឹងចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដែនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ឈ្មួញគ្រឿងញៀនឈ្មោះ សាយសាង កែវភិមផា ដែលតែងតែបង្ហាញភាពហ៊ឺហាររបស់លោកនៅលើបណ្ដាញសង្គមនោះ ត្រូវបានតម្រួតថៃចាប់ខ្លួនកាលពីខែមករាឆ្នាំមុន នៅឯព្រលានយន្តហោះធំក្នុងទីក្រុងបាងកក។
ឈ្មួញគ្រឿងញៀនរូបនេះ ត្រូវបានតុលាការចោទប្រកាន់ថា ជាស្ដេចគ្រឿងញៀន ដែលបានជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនភូមា និងផលិតថ្នាំឆ្កួត និងថ្នាំញៀនទឹកកក មុននឹងនាំចូលប្រទេសថៃតាមរយៈព្រំដែនឡាវ។
AFP បានចុះផ្សាយបន្តថា ព្រំដែនភាគខាងត្បូងប្រទេសឡាវជាប់នឹងប្រទេសថៃ ត្រូវបានក្រុមឈ្មួញគ្រឿងញៀនប្រើប្រាស់សម្រាប់បញ្ជូនគ្រឿងញៀនចូលប្រទេសថៃ ម៉ាឡេស៊ី រហូតដល់អូស្ត្រាលី និងជប៉ុន។
តុលាការនៅទីក្រុងបាងកក ដំបូងឡើយ បានកាត់ទោសប្រហារជីវិតឈ្មួញគ្រឿងញៀនរូបនេះ ប៉ុន្តែ បានបន្ថយមកត្រឹមដាក់គុកអស់មួយជីវិតវិញ បន្ទាប់ពីលោកសារភាពនៅចំពោះមុខការចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញឿនជាច្រើនករណី ក្នុងនោះមានទាំងថ្នាំញៀន ១លាន ២សែនគ្រាប់ កាលពីឆ្នាំ២០១៦ផងដែរ៕