ចិន​ព្រមាន​តៃវ៉ាន់​ថា នឹង​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ប្រវត្តិសាស្ត្រ​ជុំ​វិញ​ការ​បំបែក​ខ្លួន

មេដឹកនាំ​ចិន​បាន​ព្រមាន​ទៅ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​នេះ​ថា ដែន​ដី​កោះ​មួយ​នេះ​នឹង​រង​ទណ្ឌកម្ម​ប្រវត្តិសាស្ត្រ សម្រាប់​​ការ​ប៉ុន​ប៉ង​បំបែក​ខ្លួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី Channel News Asia។

តៃវ៉ាន់​គឺ​ជា​បញ្ហា​មួយ​ដ៏​រស៊ើប​នៅ​ក្នុង​បញ្ហា​នានា​របស់​ចិន និង​ជា​ចំណុច​គ្រោះ​ថ្នាក់​ផ្នែក​យោធា​ផង​ដែរ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចិន​ដី​គោក និង​ដែន​ដី​កោះ​តៃវ៉ាន់ បាន​កើន​ឡើង​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ ដែល​នៅ​ពេល​នោះ អ្នកស្រី សៃ អ៊ីងវ៉េន មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​​រីក​ចម្រើន​គាំ​ទ្រ​ឯករាជ្យភាព​នោះ បាន​ឈ្នះ​ការ​បោះ​ឆ្នោត និង​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ដែន​ដី​កោះ​មួយ​នេះ។

ចិន​សង្ស័យ​ថា អ្នកស្រី សៃ ចង់​ជំរុញ​ការ​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ ដែល​ជា​ការ​ល្មើស​ទៅ​នឹង​បន្ទាត់​ក្រហម​សម្រាប់​មេដឹកនាំ​កុម្មុយនីស្ត​ចិន​នៅ​ទីក្រុង​ប៉េកាំង ប៉ុន្តែ អ្នកស្រី សៃ ផ្ទាល់​បាន​និយាយ​ថា អ្នកស្រី​ចង់​រក្សា​ឋានៈ​ដែន​ដី​កោះ​នេះ​ដដែល និង​ប្ដេជ្ញា​ឆ្ពោះ​ទៅធានា​បាន​នូវ​សន្តិភាព។

ប្រទេស​ចិន​ក៏​ខឹង​សម្បារ​នឹង​មេដឹកនាំ​អាមេរិក លោក​ ដូណាល់ ត្រាំ ដែល​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​កាល​ពី​សប្ដាហ៍​មុន ដែល​បាន​ជំរុញ​អាមេរិក ឲ្យ​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​ទៅ​កាន់​កោះ​តៃវ៉ាន់ ដើម្បី​ជួប​ជាមួយ​សមភាគី​របស់​ពួកគេ។

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ​របស់​ចិន​នោះ ប្រធានាធិបតី​ចិន លោក ស៊ីន ជិនពីង បាន​ប្រាប់​ទៅ​ប្រតិភូ ៣​ពាន់​នាក់​ថា ចិន​នឹង​ជំរុញ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​មាតុភូមិ​តាម​បែប​សន្តិវិធី និង​ធ្វើការ​ដើម្បី​ឲ្យ​ពលរដ្ឋ​ដែន​ដី​កោះ​តៃវ៉ាន់​កាន់​តែ​ច្រើន រីករាយ​ទៅ​នឹង​ឱកាស​អភិវឌ្ឍន៍​របស់​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ