ក្រុម​បាតុករ និង​ប៉ូលិស​អេស្ប៉ាញ​ប៉ះ​ទង្គិច​គ្នា​ក្រោយ​ការ​ចាប់​ខ្លួន​អតីត​មេដឹកនាំ​តំបន់​កាតាឡូណា

ទីភ្នាក់ងារ​ព័ត៌មាន​ AFP បាន​រាយការណ៍​ថា ក្រុម​ផ្ដាច់​ខ្លួន​ជន​ជាតិ​កាតាឡូណា​​រាប់​ពាន់​នាក់ បាន​ប្រឈម​មុខ​នឹង​ប៉ូលិស​នៅ​តំបន់​កាតាឡូណា​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​​ លោក Carles Puidgemont អតីត​មេដឹកនាំ​តំបន់​នេះ នៅ​ឯ​ប្រទេស​អាល្លឺម៉ង់ បន្ទាប់​ពី​លោក​បាន​គេច​ខ្លួន​ពី​ប្រទេស​អេស្ប៉ាញ​អស់​រយៈ​ពេល ៥​ខែ។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ប៉ូលិស​តំបន់កាតាឡូណា​ បាន​ស្ថិត​ក្នុង​ស្ថានភាព​បង្ក្រាប​បាតុកម្ម និង​បាន​ប្រើ​ដំបង​ឆក់​វាយ​ទៅ​លើ​ក្រុម​បាតុករ ដើម្បី​ទប់​ស្កាត់​ក្រុម​មហា​ជន​កុំ​ឲ្យ​រុល​ទៅ​កាន់​ការិយាល័យ​តំណាង​រដ្ឋាភិបាល​អេស្ប៉ាញ​នៅ​ទីក្រុង​បាសេឡូណា ដែល​ជា​ទីក្រុង​ដ៏​ស្តុកស្ដម​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​អេស្ប៉ាញ។

ក្រុម​មន្ត្រី​ប៉ូលិស​បាន​បាញ់​ព្រមាន ដើម្បី​ព្យាយាម​គ្រប់​គ្រង​ក្រុម​បាតុករ ដែល​ព្យាយាម​រុញ​កុងតឺន័រ​ទៅ​រក​ប៉ូលិស។ មនុស្ស​មួយ​ចំនួន​បាន​គប់​​ដប កំប៉ុង និង​ពង​មាន់​ដាក់​ទៅ​លើ​ប៉ូលិស។

ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់ បាន​និយាយ​ថា មនុស្ស ៩៧​នាក់ បាន​រង​របួស​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​នានា​នៅ​ទីក្រុង​បាសេឡូណា ដោយ​ភាគ​ច្រើន​រលាត់​ស្បែក ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ប៉ូលិស ១៣​នាក់​ផង​ដែរ។

មនុស្ស ៧​នាក់​ទៀត ក៏​រង​របួស​ផង​ដែរ​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​តំបន់​ Lleida ស្ថិត​នៅ​ចម្ងាយ ១៥០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ទីក្រុង​បាសេឡូណា ហើយ​មនុស្ស​ម្នាក់​ទៀត បាន​រង​របួស​នៅ​ឯ​តំបន់ Tarragona ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​នេះ។

ប្រធាន​សភា​តំបន់​កាតាឡូណា លោក Roger Torrent បាន​អំពាវ​នាវ​តាម​​សុន្ទរកថា​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​តំបន់ ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់។

អ្នក​នាំ​ពាក្យ​ប៉ូលិស​អាល្លឺម៉់ង់ បាន​ប្រកាស​អំពី​ការ​​ចាប់​ខ្លួន​លោក Puigdemont ខណៈ​ដែល​លោក​ឆ្លង​ដែន​ទៅ​ប្រទេស​ដាណឺម៉ាក​តាម​រថយន្ត​មួយ​គ្រឿង ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ដីកា​ចាប់​ខ្លួន​​ចេញ​ដោយ​ប្រទេស​អេស្ប៉ាញ។

ការ​ចាប់​ខ្លួន​លោក Puigdemont បាន​កើត​ឡើង ៥​ខែ​ក្រោយ​ពី​​លោក​គេច​ខ្លួន ខណៈ​ដែល​ព្រះ​រាជ​អាជ្ញា​អេស្ប៉ាញ​បាន​ព្យាយាម​ចោទ​ប្រកាន់​គាត់​ នៅ​ក្នុង​សំណុំ​រឿង​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​ដើម្បី​ប្រកាស​ឯករាជ្យ​តំបន់​កាតាឡូណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ