លោក ហ៊ុន សែន៖ ខ្ញុំ​មិន​ជឿ​ទេ​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះ​លែង​អា​មេ​ក្បត់​ជាតិ​ហ្នឹង​ទេ

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានលើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា លោក​មិន​ជឿ​ថា តុលាការ​នឹង​ដោះ​លែង​​លោក កឹម សុខា ​នោះ​ឡើយ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​កំពុង​បើក​សវនាការ​លើ​សំណុំ​រឿង​មេបក្ស​ប្រឆាំង​រូប​នេះ។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ឯកជន​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​​ថ្លែង​ថា​៖ «ខ្ញុំ​មិន​ជឿ​ទេ​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះ​លែង​អាមេ​ក្បត់​ជាតិ​ហ្នឹង​ទេ»។

លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​​ថា ​​តុលាការ​មាន​សិទ្ធិ​សម្រេច​ដោយឯករាជ្យ​ក៏​ដោយ ប៉ុន្តែ លោក​ថា លោក​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា។

លោក​ ហ៊ុន សែន បាន​បង្ហាញ​ជំនឿ​ចិត្ត​របស់​លោក​បែប​នេះ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ជុំ​វិញ​បណ្ដឹង​ជំទាស់​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​បន្ថែម​ទៀត បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ។

មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» និង​ «ឃុប​ឃិត»ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​​រំលំ​រដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់។

ទោះជាយ៉ាងណា សហគមន៍​អន្តរជាតិ នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ព្រម​ទាំង​វិធានការ​ដទៃ​ទៀត​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ