លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានដកតំណែងប្រធានគុកព្រៃស ដោយថា បានអនុញ្ញាតឲ្យមន្ត្រីអតីតបក្សប្រឆាំងកំពុងជាប់ឃុំ លោក មាជ សុវណ្ណារ៉ា អាចប្រើទូរសព័្ទបាននៅក្នុងពន្ធនាគារទាក់ទងទៅខាងក្រៅ។
ប្រតិកម្មធ្ងន់ៗរបស់លោកហ៊ុន សែន នៅព្រឹកនេះបានលើកឡើងក្នុងពេលដែលលោកអញ្ជើញចូលរួមចែកសញ្ញាបត្រដល់និសិ្សតសកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ ដោយបានបញ្ជាទៅកាន់ក្រសួងមហាផ្ទៃឲ្យពិនិត្យឡើងវិញជុំវិញករណីលោក មាជ សុវណ្ណារ៉ា អាចប្រើទូរស័ព្ទបាន និងព្រមានដកតំណែងប្រធានពន្ធនាគាររហូតមេនគរបាលជាតិផងដែរ បើមានករណីនេះកើតឡើងទៀត។
លោក ហ៊ុន សែន ថ្លែងថា៖ «ទៅដកពីអា មាជ សុវណ្ណារ៉ា ដកពីអាហ្នឹងឲ្យបាន! បញ្ជាភ្លាម កុំភាន់ច្រឡំឲ្យសោះណា! ហើយអា មាជ សុណ្ណារ៉ា ប្រហែលកំពុងស្តាប់អាហ្នឹងណា ព្រោះវាដោនឡូតចូល អាក្នុងហ្នឹងមានអ៊ិនធឹណែតទៀត! ប្រាប់លោកឯងទៅ ជាប់អត់ថ្ងៃចេញទេ! អញប្រាប់ឲ្យហើយ! ព្រោះមេលោកឯងព្រហើន។ […] មើលៗ បានបញ្ជាហើយឬនៅ? បញ្ជាហើយ។ មើល អាមេគុកហ្នឹង បើគ្រប់គ្រងមិនបាន ដូរអាមេគុកហ្នឹងចោលទៅ។ មិចបានជាបណ្តោយឲ្យអា មាជ សុវណ្ណារ៉ា និយាយទាក់ទងទូរស័ព្ទរាល់ថ្ងៃ! ឥឡូវឲ្យតែហ៊ាននិយាយទៀត អញដកមេប៉ូលិស ដកទាំងអស់ហ្នឹង»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានប្រាប់វីអូឌីថា អគ្គនាយកដ្ឋាននឹងបញ្ជូនមន្ត្រីចុះទៅពិនិត្យនាពេលឆាប់ៗខាងមុខ បន្ទាប់ពីរៀបចំឯកសាររួច។ លោកបន្ថែមថា ប្រសិនជារកឃើញថា មានមន្ត្រីពន្ធនាគារដែលអនុញ្ញាត្តិឲ្យលោក មាជ សុវណ្ណារ៉ា អាចប្រើទូរស័ព្ទបាននោះ លោកថា មន្ត្រីនោះអាចនឹងប្រឈមទោសព្រហ្មទណ្ឌផងដែរ។
លោកថា៖ «មិនមែនតែនៅស្រុកខ្មែរយើងមួយទេ រឿងហ្នឹង គឺនៅគ្រប់ប្រទេស។ នៅអាមេរិក អូស្ត្រាលីហ្នឹង ក៏មានករណីហ្នឹងដែរ! ហើយមូលហេតុសំខាន់ដែលជនជាប់ឃុំគាត់មានវត្ថុហាមឃាត់ជាប់ខ្លួនបានហ្នឹង ដោយសារ ទីមួយកត្តាភាពស្មោះត្រង់របស់មន្ត្រី។ បើមន្ត្រីយើងគាត់ខ្វះភាពស្មោះត្រង់ គាត់លួចយករបស់អស់ហ្នឹងមកឲ្យ ក៏ជាកត្តាមួយដែលពិបាកហ្នឹងហាមឃាត់ដែរ»។
លោក មាជ សុវណ្ណរ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០១៥ ពីបទដឹកនាំកុបកម្ម និងចូលរួមចលនាកុបកម្ម បន្ទាប់ពីការតវ៉ាឲ្យបើកទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ៕