លទ្ធផលនៃការអង្កេតព័ត៌មានថវិកាដែលធ្វើឡើងដោយអង្គការអន្តរជាតិមួយទៅលើប្រទេសចំនួន១១៥ បង្ហាញថាប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧កន្លងមក តម្លាភាពថវិកានិងការចូលរួមរបស់សាធារណៈជនមានកំរិតតិចតួច ចំណែកឯការត្រួតពិនិត្យថវិកាគឺនៅមានកំរិត។
របាយការណ៍បង្ហាញឲ្យឃើញថា សន្ទស្សន៍នៃការផ្សព្វផ្សាយព័ត៌មានថវិកា ប្រទេសកម្ពុជាទទួលបានពិន្ទុ ២០លើ១០០ ដែលគេចាត់ទុកថាទាបបំផុត។ ឯកសារសំខាន់ដែលគេមិនអាចរកបានហើយធ្វើឲ្យកម្ពុជាទទួលបានពិន្ទុបែបនេះ គឺសេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំ និងរបាយការណ៍បំណាច់ឆ្នាំ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ «ការអង្កេតព័ត៌មានថវិកា ឆ្នាំ២០១៧» កាលពីម្សិលមិញ មន្ត្រីកម្មវិធីសម្រាប់តំបន់អាស៊ី នៃអង្គការភាពជាដៃគូថវិកាអន្តរជាតិ (IBP) អ្នកស្រី Sally Torbert មានប្រសាសន៍ថា ក្រុមការងារអ្នកស្រីធ្វើការរងារនេះដោយផ្តល់ពិន្ទុលើការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងថវិកាតាមអនឡាញ ឬប្រព័ន្ធអ៊ីនធឺណែត របស់ក្រសួងពាក់ព័ន្ធ។
អ្នកស្រីថា៖ «អញ្ចឹងហើយនៅក្នុងចំណោមឯកសារ៨ហ្នឹង គឺឯកសារ២សំខាន់មែនទែន ហើយមានពិន្ទុច្រើនមែនទែន តែដល់ពេលយើងអត់អាចរកបានតាមប្រព័ន្ធអ៊ីនធឺណែត ធ្វើឲ្យពិន្ទុសូន្យតែម្តង»។
VOD ព្រឹកនេះ សុំការឆ្លើយតបពីអ្នកនាំពាក្យទាំងបីរូបរបស់ក្រសួងហិរញ្ញវត្ថុមិនទាន់បាននៅឡើយ ដោយខ្លះកំពុងជាប់រវល់ និងមិនលើកទូរសព្ទ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ទាក់ទងនឹងបញ្ហានេះថា តម្លាភាពនៃព័ត៌មានដែលមហាជនទទួលបានទាក់នឹងថវិកានៅមានកំរិតគួរឲ្យបារម្ភ ដោយថា អាចដឹងបានតែព័ត៌មានដែលបានអនុម័តហើយប៉ុណ្ណោះ។
លោកថា «យើងដឹងច្រើនជាងគេរបាយការណ៍ ឬព័ត៌មានថវិកាដែលគេអនុម័តហើយ បានន័យថា ចេញពីទីស្តីគណៈរដ្ឋមន្ត្រីទៅសភា។ អញ្ចឹងក្នុងចន្លោះហ្នឹងពេលវេលាដែលយើងទទួលបានវាខ្លី ហើយធ្វើឲ្យការពិគ្រោះយោបល់ពីសង្គមស៊ីវិល ពីតូអង្គជាអ្នកជំនាញពាក់ព័ន្ធហ្នឹងមានឱកាសតិចតួចទៅរដ្ឋសភា»។
ទោះបីជាយ៉ាងណា ពិន្ទុនៃការផ្សព្វផ្សាយព័ត៌មានថវិកានៃប្រទេសកម្ពុជា មានការកើនឡើង១២ពិន្ទុ ចន្លោះឆ្នាំ២០១៥ និង២០១៧។
IBP ដែលសហការជាមួយ NGO Forum ធ្វើការអង្កេតលើការបើកទូលាយព័ត៌មានថវិកាជាតិកម្ពុជាតាំងពីឆ្នាំ២០០៨ ក៏បានផ្តល់អនុសសាន៍ដើម្បីពង្រឹងលើតម្លាភាពថវិកា ដោយថា ទី១ កម្ពុជាគួរផ្តល់អាទិភាពទៅលើការផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំ និងរបាយការណ៍ចុងឆ្នាំឲ្យបានទាន់ពេលវេលា។ ចំណុចទី២ ពង្រីកវិសាលភាពនៃរបាយការណ៍សវនកម្មទៅគ្រប់ការចំណាយ រួមទាំងជំនួយ ផ្សេងៗពីខាងក្រៅ។ ចំណុចចុងក្រោយ រួមបញ្ចូលទាំងព័ត៌មានទំនាក់ទំនងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាផ្នែកមួយនៃរបាយការណ៍ថវិកាសម្រាប់ប្រជាពលរដ្ឋ។