អ្វីជាគោលបំណងទស្សនកិច្ចអាថ៌កំបាំងរបស់លោកគីម ជុងអ៊ុនទៅចិន?​

ដំបូងឡើយទីភ្នាក់ងារសារព័ត៌មានជប៉ុនKyodoជាអ្នកចុះផ្សាយមុនគេនៅដើមសប្តាហ៍នេះថា មានរថភ្លើងមួយគ្រឿងដឹកលោក គីម ជុងអ៊ុន និងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតរបស់កូរ៉េខាងជើង​ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិន។​

ព័ត៌មាននេះ បានធ្វើឲ្យសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើលខ្លះជឿ និងខ្លះទៀតមិនជឿទេ ព្រោះមេដឹកនាំកូរ៉េខាងជើងវ័យក្មេងនេះ មិនដែលចាកចេញពីប្រទេសទេចាប់តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១១មក ហើយម្យ៉ាងទៀតមេដឹកនាំនេះក៏មានចរិតក្រអើតក្រទមហាក់មិនដែលបន្ទន់ឥរិយាបថដាក់មេដឹកនាំណាមួយនោះទេ។​

ក្រោយពេលKyodo ចុះផ្សាយនោះប្រព័ន្ធផ្សព្វផ្សាល្បីៗលើពិភពលោកផ្សព្វផ្សាយបន្ត ក៏ដោយ ក៏ក្រសួងការបរទេសចិននៅតែបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញថា ពួកគេនៅមិនទាន់ទទួលព័ត៌ មាននៃដំណើរទស្សនកិច្ចមេដឹកនាំកូរ៉េខាងជើងនៅទីក្រុងប៉េកាំងនេះទេ។​

បើទោះជាមានការបិទបាំងព័ត៌មានក្តី ប៉ុន្តែការលេចធ្លាយកើតឡើងជាបន្តបន្ទាប់គឺមានការបង្ហាញរូបភាពរថភ្លើងរបស់កូរ៉េខាងជើង​ឆ្លងកាត់ព្រំដែនទៅប្រទេសចិនហើយមានការយាមកាមយ៉ាងតឹងរឹងមិនធ្លាប់មាន ពេលចូលដល់ប្រទេសចិនក៏មានការក្បួនការពារតឹងរឹងលើរថយន្តគណៈប្រតិភូអាថ៌កំបាំងនេះដែរ។​

ដោយមិនអាចលាក់បាំងបន្តទៀត នៅព្រឹកថ្ងៃពុធនេះ រដ្ឋអំណាចទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងបានប្រកាសបញ្ជាក់រៀងៗខ្លួនថា លោកគីម ជុងអ៊ុនពិតជាធ្វើដំណើរទស្សកិច្ចនៅប្រទេសចិនពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែមីនានេះ​ ប៉ុន្តែថានោះគ្រាន់តែជាដំណើរទស្សនកិច្ចមិនផ្លូវការតែប៉ុណ្ណោះគឺដើម្បីពង្រឹងចំណងទាក់ទងគ្នានៃប្រទេសទាំងពីរ។​

ទំនាក់ទំនងចិននិងកូរ៉េខាងជើង

ដូនតាជំនាន់មុនៗរបស់លោកគីម ជុងអ៊ុនសុទ្ធតែមានទំនាក់ទំនងល្អជាមួយចិន ហើយបច្ចុប្បន្នចិនគឺជាសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង​ជារដ្ឋឯកោមួយនេះ គឺចិនជាដៃគូទាំងផ្នែកសេដ្ឋកិច្ចនិង នយោបាយ។​

ចិនក៏ហាក់តាំងខ្លួនជាបងធំរបស់កូរ៉េខាងជើងដែរគឺកាលពីចុងឆ្នាំ២០១៧ ពេលដែលអាមេរិកបញ្ជូននានាចម្បាំងទៅឧបទ្វីកូរ៉េហើយព្រមានវាយប្រហារកូរ៉េខាងជើងនោះ ចិនបានបញ្ជាក់ជំហារនឹងចេញមុខទប់ទល់ជាមួយអាមេរិក​បើសិនជាទីក្រុងវ៉ាស៊ីនតោនជាអ្នកវាយប្រហារមុនគោលបំណងចង់ផ្តួលរំលំរបបទីក្រុងព្យុងយ៉ាងនោះ។​

ប៉ុន្តែចាប់តាំងពីលោក គីម ជុងអ៊ុនឡើងកាន់តំណែងមក លោកមិនដែលធ្វើដំណើរទៅកាន់ប្រទេសចិនទេ ហើយពេល​លោកស៊ី ជីនពីង ឡើងកាន់តំណែងឬបុណ្យសំខាន់ផ្សេងៗរបស់ចិនក៏កូរ៉េខាងជើងមិនដែលផ្ញើសារអបអរអ្វីដែរ។​

ចុះអ្វីជាគោលបំណងនៅក្នុងដំណើរទស្សនកិច្ចអាថ៌កំបាំងនេះ?

ទាំងចិននិងកូរ៉េខាងជើងសុទ្ធតែបានបញ្ជាក់ថា នេះជាការពង្រឹងទំនាក់ទំនងមិត្តភាព ប៉ុន្តែក៏មានបញ្ជាក់ដែរថា កូរ៉េខាងជើងប្តេជ្ញាបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ បើទោះជាលោកគីម ជុងអ៊ុនធ្លាប់និយាយថា អាវុធនុយក្លេអ៊ែកើតចេញពីឈាមពលរដ្ឋកូរ៉េខាងជើងក៏ដោយ។​

គោលបំណងមួយទៀតដែលប្រទេសទាំងពីរមិនបាននិយាយនោះ គឺកូរ៉េខាងជើងហាក់ទៅសុំយោបល់ពីចិនថា គួរធ្វើយ៉ាងម៉េចនៅពេលដែល លោក គីម ជុងអ៊ុន នឹងជួបជាមួយមេដឹកនាំកូរ៉េខាងត្បូងនៅចុងខែមេសា និងជួបមេដឹកនាំអាមេរិកនៅក្នុងឧសភា ដើម្បីជជែកពីសន្តិភាពហើយលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េ។​

បើរំឭកពីអតីតកាលមុនពេលឪពុករបស់លោក គីម ជុងអ៊ុនគឺលោកគីម ជុងអ៊ីលជួបចរចាជាមួយមេដឹកនាំកូរ៉េខាងត្បូងកាលពីឆ្នាំ២០០០ កាលនោះលោកក៏ទៅជួបជាមួយមេដឹកនាំចិនលោក ជាំង ហ្សេមីន(Jiang Zemin)ដើម្បីសុំយោបល់ខ្លះដែរ។​

ប្រព័ន្ធផ្សព្វផ្សាយខ្លះលើកឡើងថាជំនួបនៅទីក្រុងប៉េកាំងនេះ នឹងអាចធ្វើឲ្យប្រែប្រួលលើផ្នែកមួយចំនួននៃគម្រោងលោក គីម ជុងអ៊ុនជួបជាមួយមេដឹកនាំកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ព្រោះកន្លងមកអាមេរិកតែងចោទចិនថា អ្នកនៅពីក្រោយកូរ៉េខាងជើងទើបកូរ៉េខាងជើងមិនខ្លាចការដាក់សម្ពាធពីសហគមន៍អន្តរជាតិ​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ