ថៃ​បិទ​ឆ្នេរ​ទេសចរណ៍​ល្បី​ល្បាញ​មួយ​ទៀត​ដោយសារ​កំណើន​ភ្ញៀវ​ទេសចរ

អាជ្ញាធរ​ថៃ​បាន​ប្រកាស​បិទ​តំបន់​ទេសចរណ៍​ឆក​សមុទ្រ​ម៉ាយ៉ា ដែល​ត្រូវ​បាន​រំលេច​ឡើង​យ៉ាង​ល្បី​ល្បាញ​​នៅ​ក្នុង​ខ្សែ​ភាព​យន្ត «ឆ្នេរ​សមុទ្រ» ជា​ខ្សែ​ភាព​យន្ត​សម្ដែង​ដោយ​​តារា​ហូលីវូដ​ល្បី​ល្បាញ លោក Leonardo DiCaprio។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ ដែល​បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​មួយ​របស់​នាយកដ្ឋាន​ឧទ្យាន​ជាតិ និង​សត្វ​ព្រៃ​របស់​ថៃ។

បើ​តាម Reuters អាជ្ញាធរ​ថៃ បាន​សម្រេច​បិទ​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ឆក​សមុទ្រ​រយៈ​ពេល ៤​ខែ ចាប់​ពី​ខែ​មិថុនា​ទៅ។

អ្នក​ជំនាញ​ផ្នែក​ធន​ធាន​សមុទ្រ​នៅ​ទីក្រុង​បាងកក លោក ថន ធម្មរ៉ុង​ណាវ៉ាសាវ៉ាត ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កោះ​នានា​នៅ​ឆក​សមុទ្រ​នោះ កំពុង​តែ​​រង​គ្រោះ​ថ្នាក់ មិន​អាចបំពេញ​តម្រូវការ​មនុស្ស​ច្រើន ការ​បំពុល​បរិស្ថាន​ដោយសារ​តែ​ទូក​កម្សាន្ត​ និង​សណ្ឋាគារ​នៅ​តាម​មាត់​ឆ្នេរ​នោះ​ឡើយ។​

លោក ថន បាន​និយាយ​ថា កោះ​ប៉ប្រះ​ទឹក​ជាង ៣​ភាគ​៤​របស់​ថៃ បាន​រង​ការ​ខូច​ខាត​ ដោយសារ​តែ​ការ​កើន​ឡើង​កម្ដៅ​សមុទ្រ និង​ទេសចរណ៍​ដែល​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ ហើយ​លោក​ក៏​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​កម្រិត​ចំនួន​ភ្ញៀវ​ទេសចរ​ត្រឹម​ចំនួន ៦​លាន​នាក់​ក្នុង​មួយ​ឆ្នាំ សម្រាប់​ចូល​លេង​កម្សាន្ត​នៅ​តាម​ឧទ្យាន​សមុទ្រ ២២​កន្លែង ដើម្បី​ទុក​ឲ្យ​ប្រព័ន្ធ​អេកូឡូស៊ី​អាច​ស្ដារ​ឡើង​វិញ។

ថៃ​បាន​បិទ​តំបន់​លំហែ​កម្សាន្ត​ជាច្រើន​កន្លែង​មក​ហើយ​កាល​ពី​ឆ្នាំ​២០១១ បន្ទាប់​ពី​ការ​ប្រែ​ប្រួល​នៃ​សីតុណ្ហភាព​ទឹក​សមុទ្រ បាន​បណ្ដាល​ឲ្យ​ខូច​ខាត​ដល់​ផ្កា​ថ្ម​នៅ​សមុទ្រ​អាន់ដាម៉ាន់ ដែល​ជា​តំបន់​កម្សាន្ត​លំដាប់​ពិភព​លោក​មួយ ហើយ​ប្រទេស​នេះ​ក៏​បាន​បិទ​កោះ​មួយ​ចំនួន​ផង​ដែរ​នៅ​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ