យុវតី​ម៉ាឡាឡា​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កំណើត​លើក​ដំបូង​ចាប់​តាំង​ពី​រង​ការ​បាញ់​ប្រហារ

គិត​ចាប់​តាំង​ពី​នាង​រង​ការ​បាញ់​ប្រហារ​កាល​ពី​ឆ្នាំ​២០១២​មក ជយ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ពិភព​លោក យុវតី ម៉ាឡាឡា យូសាហ្វ​ហ្សៃ បាន​រស់​នៅ​ឆ្ងាយ​ពី​ប្រទេស​កំណើត​អស់​រយៈ​ពេល ៦​ឆ្នាំ​មក​ហើយ។

ប៉ុន្តែ នាង​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា នាង​​បាន​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​កំណើត​របស់​នាង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​របស់​យុវតី​រូប​នេះ​។

ម៉ាឡាឡា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​នៃ​ក្រុម​បះ​បោរ​តាលីបង់ បាញ់​ប្រហារ​ត្រូវ​ចំ​ក្បាល​កាល​ពី​ឆ្នាំ​២០១២ ដោយសារ​តែ​នាង​បាន​តស៊ូ​មតិ​ជំរុញ​ការ​សិក្សា​អប់រំ​សម្រាប់​ក្មេង​ស្រី​នា​ពេល​នោះ។

ទោះជាយ៉ាងណា AFP បាន​ចុះ​ផ្សាយ​បន្ថែម​ថា ព័ត៌មាន​លម្អិត​អំពី​ដំណើរ​របស់​យុវតី​រូប​នេះ មិន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​ទេ ដោយសារ​តែ​​ទាក់​ទង​នឹង​សុវត្ថិភាព​របស់​នាង​ផ្ទាល់ ប៉ុន្តែ ដំណើរ​ទស្សនកិច្ច​របស់​ម៉ាឡាឡា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​រយៈ​ពេល ៤​ថ្ងៃ ក្នុង​នោះ​នឹង​មាន​ជំនួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន លោក ហ្សាហ៊ីដ ខាហ្កាន់ អាប់បាស៊ី ផង​ដែរ។

បើ​តាម​រូបថត​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ប្រទេស​ប៉ាគីស្ថាន បង្ហាញ​ថា យុវតី​ជា​និស្សិត​អាយុ ២០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ការពារ​សន្តិសុខ​យ៉ាង​តឹង​រឹង​នៅ​ឯ​ព្រលាន​យន្ត​អន្តរជាតិ បេនសៀ ប៊ូតូ។

ម៉ាឡាឡា បាន​ក្លាយ​ជា​និមិត្ត​រូប​សកល​លោក​សម្រាប់​សិទ្ធិ​មនុស្ស និង​ជា​អ្នក​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​សម្រាប់​ការ​អប់រំ​របស់​ក្មេង​ស្រី ចាប់​តាំង​ពី​ខ្មាន់​កាំភ្លើង​បាន​បាញ់​ប្រហារ​ទៅ​លើ​រថយន្ត​សាលា​រៀន​​របស់​នាង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ ហើយ​បាន​ទទួល​ពាន​រង្វាន់​សន្តិភាព​នៅ​ឆ្នាំ​២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ