រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតជាង ១លាននាក់ បានចូលមកទស្សនាប្រទេសកម្ពុជាក្នុងរយៈពេល ២ខែដំបូងដើមឆ្នាំនេះ ដោយបានកើនឡើងជាង ១១ភាគរយ។
ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ប្រចាំត្រីមាសទី១កាលពីថ្ងៃទី២៩ ខែមីនាកន្លងមកនេះ លោក ថោង ខុន មានប្រសាសន៍ថា ចន្លោះពីខែមករា ដល់ខែកុម្ភៈកន្លងមកនេះ កម្ពុជាទទួលបានទេសចរបរទេសជាង ១លាននាក់ ជាមួយកំណើនជាង ១១ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍នៅក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិជាង ៥លាន ៦០ម៉ឺននាក់ បានធ្វើដំណើរមកលេងកម្សាន្តនៅកម្ពុជា ដោយបានកើនឡើង ១១,៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦ ខណៈដែលភ្ញៀវទេសចរជាតិ ១១លាននាក់ បានធ្វើដំណើរទៅទស្សនារមណីយដ្ឋាននានានៅទូទាំងប្រទេស៕