យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ ហើយ៣នាក់ទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃម្សិលមិញនេះ ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរធ្វើដំណើរទៅរៀបចំសែនផ្នូរសាច់ញាតិដែលបានស្លាប់ទៅហើយ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់នគរបាលជាតិ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ ៤លើក បានកើតឡើងនៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញនេះ ដោយបានសម្លាប់មនុស្ស៤នាក់ និងបណ្ដាលឲ្យមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ស្រាល។
របាយការណ៍នគរបាលជាតិបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីការបើកបរលឿន ការបើកបរជែងគ្នា មិនគោរពសិទ្ធិអ្នកដទៃ មិនប្រកាន់ស្ដាំ និងបត់ទាំងគ្រោះថ្នាក់។
គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្ស ១៧៨០នាក់ និងបណ្ដាលឲ្យរបួសជាង ៥៥០០នាក់ កាលពីឆ្នាំ២០១៧កន្លងមក។ នេះ បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍៕