ចិន​ថា ស្ថានីយ៍​អវកាស​​របស់​ខ្លួន​ធ្លាក់​ និង​ផ្ទុះ​ឆេះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច

ស្ថានីយ៍អវកាសរបស់ចិនបានធ្លាក់ និងផ្ទុះឆេះនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ( រូបភាព៖ ភ្នាក់ងារព័ត៌មាន Reuters )

អាជ្ញាធរ​អវកាស​ចិន បាន​និយាយ​ថា ស្ថានីយ៍​អវកាស​របស់​ខ្លួន​ឈ្មោះ​ថា Tiangong-1 បាន​ធ្លាក់​ចូល​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី ហើយ​ផ្ទុះ​ឆេះ​នៅ​កណ្ដាល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​ត្បូង​នៅ​ថ្ងៃ​នេះ។ នេះ​បើតាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អាជ្ញាធរ​អវកាស​ចិន បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដ៏​ខ្លី​នៅ​លើ​វេបសាយ​របស់​ខ្លួន​ថា ស្ថានីយ៍​អវកាស​នោះ ភាគ​ច្រើន​បាន​ផ្ទុះ​ឆេះ​នៅ​ពេល​​ធ្លាក់​ចូល​ស្រទាប់​បរិយាកាស​ផែន​នៅ​ម៉ោង​ប្រហែល ៨ និង ១៥​នាទី​ព្រឹក​ថ្ងៃ​នេះ ប៉ុន្តែ ពុំ​បាន​បញ្ជាក់​ច្បាស់​លាស់​ថា បំណែក​នៃ​ស្ថានីយ៍​អវកាស​នោះ អាច​ធ្លាក់​ទៅ​កន្លែង​ណា​នោះ​ទេ។

កាល​ពី​ដំបូង អាជ្ញាធរ​នេះ​បាន​និយាយ​ថា ស្ថានីយ៍​នោះ​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្លាក់​មក​ចូល​ក្នុង​ស្រទាប់​បរិយាកាស​នៅ​ឆ្នេរ​ប្រទេស​ប្រេស៊ីល នៅ​មហា​សមុទ្រ​អាត្លង់ទិច​ខាង​លិច ជិត​ទីក្រុង​ Sao Paulo និង​ទីក្រុង​រីយ៉ូ ដឺជេណឺរ៉ូ។

ក្រុម​គ្រប់​គ្រង​អវកាស​នៃ​កង​ទ័ព​ជើង​អាកាស​អាមេរិក ដែល​បាន​តាម​ដាន និង​ចាប់​យក​គ្រប់​វត្ថុ​សិប្បនិម្មិត​នៅ​ក្នុង​គន្លង​ផែនដី​នោះ បាន​និយាយថា ខ្លួន​ក៏​បាន​តាម​ដាន​ស្ថានីយ៍​អវកាស Taingong-1 ផង​ដែរ អំឡុង​ពេល​វា​ធ្លាក់​ចូល​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច​នោះ។

ក្រុម​នេះ​បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ខ្លួន​បាន​បញ្ជាក់​អំពី​បញ្ហា​នេះជាមួយ​ដៃ​គូ​នានា​នៅ​អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ចក្រភព​អង់គ្លេស។

តារា​វិទូ​ប្រចាំ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី លោក Brad Tucker បាន​និយាយ​ថា បំណែក​ស្ថានីយ៍ Tiangong-1 ហាក់​ដូច​ជា​បាន​ធ្លាក់​នៅ​ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ ភាគ​ពាយព្យ​នៃ​ប្រទេស​តាហ៊ីទី។

ស្ថានីយ៍​អវកាស Tiangon-1 ឬ​មាន​ន័យ​ថា «រាជ​វាំង​ឋាន​សួគ៌​» នោះ ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ក្នុង​ឆ្នាំ​២០១១ ដើម្បី​ភ្ជាប់​យាន​អវកាស និង​ការ​ពិសោធ​ក្នុង​គន្លង​ផែនដី ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អវកាស​របស់​ប្រទេស​ចិន ដែល​មាន​បំណង​ដំឡើង​ស្ថានីយ៍​អវកាស​អចិន្ត្រៃយ៍​មួយ​នៅ​ក្នុង​គន្លង​ផែនដី​នៅ​ត្រឹម​ឆ្នាំ​២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ