ចិន​ដាក់​របាំង​ពន្ធ​គយ​លើ​ទំនិញ​អាមេរិក​ជា​ការ​សង​សឹក​នឹង​រដ្ឋបាល​ក្រុង​វ៉ាស៊ីងតោន

(រូបភាព៖ AFP)

នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន នៅ​ថ្ងៃ​នេះ ចិន​បាន​សម្រេច​ឆ្លើយ​តប​ទៅ​នឹង​អាមេរិក​វិញ ដោយ​បាន​សម្រេច​ដាក់​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូលពី​អាមេរិក​ដល់​ទៅ ១២៨​មុខ មាន​តម្លៃ​ ៣​ពាន់​លាន​ដុល្លារ ក្នុង​នោះ​មាន​ទាំង​ផ្លែ​ឈើ និង​សាច់​ជ្រូក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​សម្រេច​បែប​នេះ​របស់​ចិន ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​សង​សឹក​ទៅ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​សម្រេច​ដាក់​ពន្ធ​គយ​លើ​ការ​នាំ​ចូល​ដែក​ថែប និង​អាលុយមីញ៉ូម​ពី​ប្រទេស​ចិន ដោយ​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នេះ។

លោក ដូណាល់ ត្រាំ បាន​​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​ប្រឆាំង​នឹង​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ដោយ​មេដឹកនាំ​អាមេរិក​រូប​នេះ បាន​សន្យា​អំឡុង​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦​ថា នឹង​លុប​បំបាត់​ចោល​នូវ​ឱន​ភាព​ពាណិជ្ជកម្ម​របស់​អាមេរិក។

ជា​ការ​ឆ្លើយ​តប ក្រុង​ប៉េកាំង​បាន​ព្រមាន​កាល​ពី​ខែ​មុន​ថា ខ្លួន​ក៏​នឹង​ពិចារណា​ដាក់​របាំង​ពន្ធ​គយ ១៥​ភាគរយ និង ២៥​ភាគរយ ទៅ​លើ​ផលិត​ផល​នានា ដែល​ក្នុង​នោះ​មាន​ទាំង​ស្រា គ្រាប់​ធញ្ញជាតិ និង​អាលុយមីញ៉ូម​ផង​ដែរ។

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ិនហួ ដែល​បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ហិរញ្ញវត្ថុ​ចិន​នោះ បាន​ចុះផ្សាយ​ថា សេចក្ដី​សម្រេច​ថ្មី​នេះ នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។

សេចក្ដី​សម្រេច​បែប​នេះ គឺ​ជា​ការ​ឆ្លើយ​តប​របស់​ចិន ទៅ​នឹង​អាមេរិក ដែល​បាន​សម្រេច​ដំឡើង​ពន្ធ​គយ ១០​ភាគរយ​ទៅ​លើ​ផលិត​ផល​អាលុយមីញ៉ូម និង ២៥​ភាគរយ ទៅ​លើ​ដែក​ថែប​នាំ​ចូល​ពី​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​អាមេរិក​ផង​ដែរ។

ទោះជា​យ៉ាងណា លោក ត្រាំ បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ដក​ហូត​ពន្ធ​គយ​ពី​សហភាព​អឺរ៉ុប ប្រទេស​អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ម៉ិកស៊ិក និង​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​បណ្ដា​ប្រទេស​ទាំង​នេះអាក់​អន់​ស្រពន់​ចិត្ត​នឹង​អាមេរិក

មេដឹកនាំ​អាមេរិក​រូប​នេះ ក៏​បាន​បញ្ចេញ​ផែនការ​ដក​ហូត​ពន្ធ​គយ​ថ្មី​ទៅ​លើ​​ការ​នាំ​ចូល​ផលិត​ផល​ចិន​មាន​តម្លៃ​ប្រហែល ៦០​ពាន់​លាន​ដុល្លារ ជុំ​វិញ​អ្វី​ដែល​អាមេរិក​ចោទ​ចិន​ថា «លួច»​កម្មសិទ្ធិ​បញ្ញា។

ជាមួយ​គ្នា​នេះ​ដែរ ចិន​បាន​អំពាវ​នាវ​ទៅ​អាមេរិក​ឲ្យ​បញ្ឈប់​ «ការ​គំរាម​កំហែង​ផ្នែក​សេដ្ឋកិច្ច» និង​បាន​ព្រមាន​សង​សឹក​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ