ពិភពលោកកំពុងតែផ្តោតការចាប់អារម្មណ៍លើការលេចធ្លាយរបាយការណ៍ ឯកជននៃចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក ត្រូវបានគេលួចយកទៅប្រើប្រាស់ដោយខុសច្បាប់។ របាយការណ៍ចុងក្រោយបង្ហាញថា ទិន្នន័យអ្នកប្រើប្រាស់កើនដល់៨៧លានត្រូវបានគេលួច។
ទិន្នន័យឯកជនដែលលួចបានពីអ្នកប្រើប្រាស់ហ្វេសប៊ុកនោះរងការចោទថា យកទៅវិភាគដោយក្រុមហ៊ុនអង់គ្លេសឈ្មោះCambridge Analytica ហើយក្រុមវិភាគយកប្រើជាផលប្រយោជន៍ជួយឲ្យលោកដូណាល ត្រាំឈ្នះការបោះឆ្នោតកាលពីចុងឆ្នាំ២០១៦។
ការចោទប្រកាន់គ្នា
ក្រុមហ៊ុនហ្វេសប៊ុកថ្កោលទោសក្រុមហ៊ុន Cambridge Analytica ចំពោះការលួចយកទិន្នន័យឯកជនទៅប្រើប្រាស់នេះ។ ចំណែកក្រុមហ៊ុន Cambridge Analytica ក៏បានប្រកាសសុំទោស ហើយបញ្ជាក់ថា ខ្លួនប្រើប្រាស់ទិន្នន័យតែ៣០ម៉ឺននាក់ប៉ុណ្ណោះ មិនមែន៨៧លាននោះទេ ហើយថា ទិន្នន័យទាំងនោះបានលុបចោតាំងពីឆ្នាំ២០១៥។ ក្រុមហ៊ុនវិភាគរបាយការណ៍របស់អង់គ្លេសនេះ បកស្រាយថា ខ្លួនទទួលបានទិន្នន័យទាំងនេះ តាមរយៈការបង្កើតApp ហើយមិនបានដឹងថា ការយកទិន្នន័យនោះខុសច្បាប់នោះទេ។
ការបាត់ទំនុកចិត្ត
បើទោះជាក្រុមហ៊ុនទាំងពីរ បានបកស្រាយហើយសុំទោសអ្នកប្រើប្រាស់ក៏ដោយ អ្នកប្រើប្រាស់មួយចំនួននៅតែដាក់ការសង្ស័យថា នោះមិនមែនជាការលួចទិន្នន័យទេ ប៉ុន្តែវាជាការសហការគ្នារវាងក្រុមហ៊ុនទាំងពីរដើម្បីរកបានចំណូលមហាសាលតែប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគេមិនបានឃើញថា ស្ថាបនិកហ្វេសប៊ុក លោក ម៉ាក ហ្សូកហ្គឺ រៀបចំប្តឹងក្រុមហ៊ុនអង់គ្លេសនោះទេ។
បញ្ហាមួយទៀត ក្រៅរឿងបោះឆ្នោតនៅសហរដ្ឋអាមេរិក ហ្វេសប៊ុកក៏ធ្លាប់ផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យជួយដល់ការបោះឆ្នោតប្រទេសផ្សេងៗទៀតដែរ។
អ្នកប្រើប្រាស់មួយចំនួនប្រកាសថា ពួកគេបិទគណនីបណ្តាញទំនាក់ទំនងសង្គមនេះចោលឈប់ប្រាស់ដោយសារក្រុមហ៊ុននេះរំលោភលើទំនុកចិត្តឯកជនភាព។ ទោះយ៉ាងណារហូតដល់ពេលនេះ ក្រុមហ៊ុនហ្វេសប៊ុកដែលមានអ្នកកំពុងប្រើប្រាស់ចំនួន២,២ពាន់លាននោះមានអ្នកបោះបង់ចោលតិចតួចតែប៉ុណ្ណោះ។
បច្ចុប្បន្នក្រៅពីការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អ្នកប្រើប្រាស់មួយចំនួនក៏កំពុងតែប្រើប្រាស់ បណ្តាញសង្គមផ្សេងទៀតដូចជា Telegram, Twitter, WhatsApp, និង Signalជាដើម។ ដូច្នេះបើអ្នកប្រើប្រាស់កាន់តែបារម្ភពីសុវត្ថិភាពរបស់ខ្លួនជាមួយហ្វេសប៊ុកនោះ ពួកគេអាចងាកទៅរកបណ្តាញទំនាក់ទំនងសង្គមផ្សេងវិញ។
ចំណាត់ការពីរដ្ឋាភិបាល
នៅសប្តាហ៍ក្រោយនេះ លោក ម៉ាក ហ្សូហ្គឺប៊ឺក នឹងចូលខ្លួនបំភ្លឺនៅសភាសហរដ្ឋអាមេរិកជុំវិញការលេចធ្លាយរបាយការណ៍ឯកជនរបស់អ្នកប្រើប្រាស់ទាំងនេះ។
ចំណែកសភារបស់អង់គ្លេស និងសហភាពអឺរ៉ុបក៏បានកោះហៅស្ថាបនិកបណ្តាញសង្គមមួយនេះឲ្យចូលខ្លួនបំភ្លឺដែរ តែមិនទាន់បានកំណត់ថ្ងៃចូលបំភ្លឺនៅឡើយ។ ទន្ទឹមនឹងការខឹងសម្បាររឿងលេចធ្លាយទិន្នន័យនេះអឺរ៉ុបក៏កំពុងតែសិក្សាលើការយកពន្ធឲ្យច្រើនពីហ្វេសប៊ុក។
ចំណែកប្រទេសឥណ្ឌូនេស៊ីបញ្ជាក់ថា បើសិនជារកឃើញថា ពលរដ្ឋនៅក្នុងប្រទេសខ្លួនត្រូវបានហ្វេសប៊ុកលួចទិន្នន័យឯកជនមែននោះ ប្រទេសនេះនឹងបិទហ្វេសប៊ុក។
នៅតាមបណ្តាប្រទេសនិងតំបន់ដែលពលរដ្ឋផ្ទុះការតវ៉ាពួកគេតែងតែរឹតបន្តឹងលើបណ្តាញសង្គមពិសេសហ្វេសប៊ុកដូចជា ជាករណីជម្លោះនៅដែនដីកាស្មៀ រវាងឥណ្ឌានិង ប៉ាគីស្ថាន។
ហ្វេសប៊ុកជាក្រុមហ៊ុនដែលបង្កើតឡើងដោយជនជាតិអាមេរិកលោក ម៉ាក ហ្ស៊ូកហ្គឺប៊ឺកកាលពីឆ្នាំ២០០៤ ដំបូងឡើយគ្រាន់តែប្រើសម្រាប់ការទំនាក់ទំនងគ្នាធម្មតាតែប៉ុណ្ណោះ តែក្រោយមកបណ្តាញសង្គមនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់អ្នកជំនួញ អ្នកនយោបាយក៏ដូចជាក្រុមអ្នកតស៊ូមតិដើម្បីសេរីភាពផ្សេងៗទៀត។
ចាប់ពីឆ្នាំ២០០៧ហ្វេសប៊ុកត្រូវបានប្រើប្រាស់ជាអន្តរជាតិ ដែលចំនួនអ្នកប្រើប្រាស់កើនឡើងជាង២ពាន់លាន ហើយធ្វើឲ្យលោកម៉ាកហ្ស៊ូក ហ្គឺប៊ឺករកចំណូលបានយ៉ាងច្រើនរហូតបច្ចុប្បន្នក្លាយជាមហាសេដ្ឋីលំដាប់ទី៥លើពិភពលោក។
ប៉ុន្តែអ្វីដែលចោទជាបញ្ហានោះគឺថា ហ្វេសប៊ុកអាចឈានដល់បិទទ្វារបើដោះស្រាយបញ្ហាធំពេលនេះមិនបាន។