វៀតណាមសួរសុខទុក្ខនិងជូនកាដូដល់កម្លាំងការពារតាម​ព្រំដែន​កម្ពុជា

សមត្ថកិច្ចខេត្តតាកែវ និងសមត្ថកិច្ចវៀតណាម(រូបពីនគរបាលជាតិ)

អាជ្ញាធរវៀតណាមតាមព្រំដែននៃខេត្តមួយចំនួនជាប់កម្ពុជាបានចុះសួរសុខទុក្ខ ផ្តល់វត្ថុអនុស្សាវរីយ៍ និង ជូនពរដល់កម្លាំង​សមត្ថកិច្ចកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ​នៅ​ព្រឹក​ថ្ងៃ​​ទី ​០៧​ ខែមេសា​ នេះ​ស្នងការនគរបាល​ខេត្តតាកែវ​ លោក សុខ​ សំណាង បាន​ទទួល​ជួប​ប្រតិភូ​បញ្ជាការដ្ឋាន​តម្រួតយោធា​ការពារ​ព្រំដែន​ខេត្ត​អាន​ យ៉ាង​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដឹកនាំ​ដោយ​លោក​ ​ ប៊ូ​យ​ ជុន​យុង​ ដែល​ អញ្ជើញ​មក​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ​នា​ពេល​ខាង​មុខ​នេះ​។​

តាមការចុះផ្សាយនៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមេសា​ ម្សិលមិញ ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង លោក​​ ស្រេង​ ជា​ ក៏បាន​ទទួល​ គណៈប្រតិភូ​យោធា​ការពារ​ព្រំដែន​ខេត្ត​ ឡុ​ង​អាន​ និង​ខេត្ត​តៃ​និ​ញ​ នៃ​ប្រទេស​វៀតណាម​ ដើម្បីជួបសួរសុខទុក្ខ និង​ជូនពរ​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ដល់​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​កងកម្លាំង​នគរបាល​ទូ​ទាំង​ខេត្តព្រៃវែង​។

​តាមការចុះផ្សាយដដែលគណៈប្រតិភូ​វៀតណាម​លើកឡើងថា​ កម្ពុជា​ និង​វៀតណាម​ គឺជា​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ ហើយ​ប្រជាជន​ទាំង​ពីរ​ក៏​មាន​ទំនាក់​ទ​ន​ង​ សាមគ្គីភាព​គ្នា​ល្អ​ ទាំង​ការ​រស់នៅ​ និង​ការ​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​ផង​ដែរ​។​

​តាមការចុះផ្សាយបន្តថានៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមេសា​ ដដែលនោះ​​លោក ​ ម៉ា​យ​ អាន់​ជៀន​ នាយករង​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង​ ប្រទេសវៀតណាម​ បាន​នាំ​យក​ការ​ដូ​ និង​បាច់ផ្កា​ មក​អបអរសាទរ​ ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ និង​ មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ នា​ពេល​ខាង​មុខ​ផងដែរ។​

តាមការចុះផ្សាយបន្តថាក្នុង​ពិធី​សំណេះសំណាល​​នោះ​លោក ​ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើ​បដិសណ្ឋារៈ​កិច្ច​ ដោយ​រីករាយ​ និង​កក់ក្តៅ​ប្រកបដោយ​មិត្តភាព​ ព្រមទាំង​រាយការណ៍​ ជូន​គណៈប្រតិភូ​ អំពី​សភាព​ការណ៍​​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ការ​អភិវឌ្ឍ​ក្នុង​វិស័យ​វិនិយោគិន​បរទេស​ មួយ​ចំនួន​ ជូន​គណៈប្រតិភូ​បាន​ជ្រាប​ផង​ដែរ​។​

តាមការ​ចុះផ្សាយក៏លើកឡើងដែរថាក្នុង​ឱកាស​ នោះ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ និង​ លោក​នាយក​រង​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង​ ​ប្តេជ្ញា​យ៉ាង​មុតមាំ​ ខិតខំ​ថែរក្សា​ចំណងមិត្តភាព​ សាមគ្គីភាព​ រវាង​ប្រទេស​ទាំង​ពីរ​ និងបន្ត​កិច្ច​សហប្រតិបត្តិការ​ ការពារ​សន្តិសុខ​ រក្សា​សណ្តាប់​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ។

ដោយឡែកកាលពីថ្ងៃ​ទី​ ០៥​ ខែមេសា​​ ស្នងការ​រង​ទទួល​ផែន​ភស្តុ​ភារ​ និង​ហិរញ្ញវត្ថុនៃស្នងការខេត្តស្ទឹង ត្រែង លោក ស្រី​ សុ​វ​ណ្ណា​​ បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ លោក​​ ដ​ន​ គី​វ​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​ កងទ័ព​ប្រជាជន​វៀតណាម​ ដែល​អញ្ជើញ​មក​ជូនពរ​ ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។

តាមការចុះផ្សាយដដែលនារសៀលថ្ងៃទី៥ ខែមេសា ដដែលនោះ នៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានអនុញ្ញាតឲ្យគណៈប្រតិភូយោធភូមិភាគទី៧ នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយ លោក PHAM VAN DY មេបញ្ជាការយោធភូមិភាគទី៧ ចូលជួបពិភាក្សាការងារ និងជូនពរក្នុងឱកាស​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

តាមការចុះផ្សាយដដែលនៅក្នុងជំនួបនោះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសំដែងនូវ​ការស្វាគមន៍ និងថ្លែងអំណរគុណដល់ មេបញ្ជាការយោធភូមិភាគទី៧ លោក PHAM VAN DY និងប្រតិភូអមដំណើរ ដែលជានិច្ចកាលតែងតែមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ។

ការចុះផ្សាយនោះបន្តលើកប្រសាសន៍លោក នេត សាវឿន ថាកម្ពុជា-វៀតណាម គឺជាប្រទេសជិតខាងគ្នា មានកិច្ចសហប្រតិបត្តិការល្អប្រសើរទាំងមិត្តភាព សាមគ្គីភាព ក៏ដូចជាការរួមគ្នាបង្ការ ទប់ស្កាត់ បទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែន អំពើភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ