វិទ្យុអាស៊ីសេរីបដិសេធទៅនឹងការចោទរបស់នាយករដ្ឋមន្រ្តីលើបុគ្គលិកខ្លួន

លោក ​ហួត​ វុទ្ធី​ ឬ​ហៅ ​ជុន​ ច័ន្ទ​បុត្រ

វិទ្យុ​អាស៊ីសេរី បានបដិសេធជុំវិញ​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន ទៅ​លើ​លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ​ជថា ជាផ្ទៃក្នុងរបស់រដ្ឋាភិបាល និង​បក្សកាន់​អំណាច។

ក្នុងពិធីជួបជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលី​កាលពីថ្ងៃទី១៦ ខែ​មីនាកន្លង​ទៅ ​លោកនាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក ជុន ច័ន្ទបុត្រ បានទាក់ទងជាមួយលោក ហ៊ុន ម៉ាណែត និង​លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលលេខ៧០ ដើម្បីឲ្យជួយការពារសុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយ​ថា ខ្លាច​ចារកម្មអាមេរិក​សម្លាប់។

បន្ថែមលើនោះថ្មីៗនេះ សារព័ត៌​មាន​ ដែល​​ស្និទ្ធ​នឹង​រដ្ឋាភិបាល បានបញ្ចេញ​ឃ្លីប​សំឡេង​​សន្ទនា​រវាង ​លោក ជុន ច័ន្ទ​បុត្រ និង​​ឧត្តម​សេនីយ៍​ឯក ម៉ៅ សុផាន់ ជាបន្តបន្ទាប់ មានដូចជា ការសុំឲ្យជួយការពារសុវត្ថិភាព និងរឿងទាក់ទងនឹងគណបក្សប្រឆាំងជាដើម។

ទាក់ទងនឹងការចោទនោះ វិទ្យុអាស៊ីសេរីបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា៖ «ការ​ចោទ​ប្រកាន់​ចុងក្រោយ ទាំង​អំបាលម៉ាន​នេះ មិន​ត្រឹមតែ​ជា​អំពើ​ខ្វះ​ភាព​សុចរិត និង​ខ្វះ​សច្ចៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ​វា​ជា​ឆាក​កំប្លែង​ឆ្កួត​លីលា​មួយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ចិញ្ចឹម​ចិត្ត យក​មក​ថ្លែង​ជា​សាធារណៈ ហើយ​បន្ត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ជា​ឧបករណ៍​ឃោសនា និង​ជា​សត្វ​សេក​របស់​លោក ខំ​បំពង​សំឡេង​បន្ថែម»។

វិទ្យុអាស៊ីសេរីក៏លើកឡើងដែរថា បុគ្គលិក​អាស៊ីសេរី​លោក ជុន ច័ន្ទ​បុត្រ មិន​បាន​រំលោភ​គោលការណ៍​របស់​ស្ថាប័ន​អាស៊ីសេរី​នោះ​ទេ ចំពោះ​ការទាក់ទង​រក​ប្រភព​ផ្សេងៗ ដើម្បី​រក​លទ្ធភាព​ជួប​សម្ភាស​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំមុន​នោះ។

វិទ្យុអាស៊ីសេរីថា លោក ហួត វុទ្ធី ពិត​ជា​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​ថ្នាក់​ដឹកនាំ​របស់​អាស៊ីសេរី អំពី​ជំនួប​ជាមួយ​មន្ត្រី​របប​លោក ហ៊ុន សែន និង​បាន​កត់ត្រា​ទុក​នូវ​កិច្ច​សន្ទនា​គ្នា​ជាមួយ​លោក ហ៊ុន ម៉ាណែត និង លោក ម៉ៅ សុផាន់ នោះ​ផង​ដែរ។

សេចក្ដីប្រកាសព័ត៌មានដដែលនោះបន្តថា ការ​មួលបង្កាច់​ការ​ពិត និង​បញ្ចេញ​ខ្សែអាត់​សំឡេង​តែមួយ​ផ្នែក ហើយ​កែ និង​កាត់ត​ផង គឺ​គ្មាន​បង្ហាញ​អ្វី​ក្រៅពី​ភស្តុតាង ដែល​ស​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា អាជ្ញាធរ​កំពុង​ប៉ុនប៉ង​បន្សាប​សំឡេង​ឯករាជ្យ។

ទោះ​អាស៊ីសេរីថា វិទ្យុរបស់ខ្លួន បាន​ព្យាយាម​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង មន្ត្រី​របស់​លោក ជាច្រើនលើក​ច្រើន​សា ដើម្បី​សុំ​សម្ភាស និង​សុំ​ឲ្យ​ពួក​គេ​បំភ្លឺ​នូវ​ការចោទប្រកាន់​ទាំងអស់​នោះ ប៉ុន្តែ​ លោក ហ៊ុន សែន និង មន្ត្រី​របស់​លោក មិន​ព្រម​ផ្ដល់​បទសម្ភាសន៍​ទេ តែ​បែរជា​ជ្រើស​រើស​យក​វិធី​មិន​សុចរិត បំភ័ន្ត​មតិ ដើម្បី​បង្កើន​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន ទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ