សកម្មជនដីធ្លីលើកឡើងថា អ្វីដែលពួកគេចង់បានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះគឺ ស្នើសុំឲ្យដោះលែងតំណាងសហគមន៍ដីធ្លីដែលកំពុងជាប់ឃុំ និងដោះស្រាយជម្លោះរបស់ពួកគេឲ្យបានឆាប់រហ័ស។
សកម្មជនដីធ្លីសហគមបឹងកក់ លោក ចាន់ ពុទ្ធិស័ក្ត ក្រៅតែពីជូនពរដល់ប្រជាពលរដ្ឋខ្មែរហើយ លោកសូមបួងសួងឲ្យសកម្មជនដីធ្លីដែលជាប់ឃុំមានមានសេរីភាពផងដែរ។
លោកមានប្រសាសន៍ថា «ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មីជួយបីបាច់ប្រជាពលរដ្ឋខ្មែរ ជាពិសេសសកម្មជនសិទ្ធិមនុស្សទាំងអស់ដែលធ្វើការងារសង្គមកន្លងមកឲ្យប្រកបទៅដោយសុវត្ថិភាព សេចក្តីសុខ។ ជាមួយគ្នានេះដែរ ក៏សូមបួងសួងទេវតាឆ្នាំថ្មី ជួយធ្វើយ៉ាងណាឲ្យមានសេរីភាពសម្រាប់អ្នកទោសមនសិការទាំងអស់ដែលកំពុងជាប់ពន្ធនាគារឲ្យមានសេរីភាព ឆាប់ៗ»។
ចំណែកសកម្មជនដីធ្លីសហគមព្រលានយន្តហោះអន្តរជាតិ ឬសហគមSOS អ្នកស្រី ច្រាយ នីម ចង់ឲ្យរដ្ឋាភិបាលដោះលែង អ្នកស្រី ទេព វន្នី និងអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ទៀត និងសូមឲ្យគណបក្សនយោបាយឈប់ឈ្លោះគ្នា ដោយថា សូមឲ្យងាកមកគិតពីសុខទុក្ខប្រជាពលរដ្ឋវិញ។
អ្នកស្រីមានប្រសាសន៍ថា «សាររបស់ខ្ញុំនេះទៅដល់រាជរដ្ឋាភិបាល និងអ្នកនយោបាយទាំងអស់ ទាំងគណបក្សប្រឆាំងនិងគណបក្សប្រជាជន មេត្តាឈប់ប្រើសារចំអកឡកឡឺយ ឬក៏ប្រើភាសារគំរាមកំហែង និងបញ្ឆេះកម្តៅនយោបាយឲ្យកាន់តែ ក្តៅទៅៗធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿ ការទុកចិត្ត។ បើសិនជាគណបក្សទាំងពីរនៅតែឈ្លោះគ្នា មិនមានការចរចាដោយសន្តិវិធីសម្រាប់ឲ្យប្រជាពលរដ្ឋរម្ងាប់ចិត្ត ឆ្នាំអាណត្តិ ក្រោយៗប្រជាពលរដ្ឋលែងទៅបោះឆ្នោតហើយចា៎!»។
សម្រាប់សកម្មជនដីធ្លីសហគមន៍បុរីកីឡា អ្នកស្រី ង៉ូវ ណារី សុំពរជ័យទេវតាឆ្នាំថ្មីឲ្យមានដំណោះស្រាយដល់អ្នកសេសសល់រឿងទំនាស់ដីធ្លីដែលកំពុងស្ងាត់ស្ងៀម។
អ្នកស្រីមានប្រសាសន៍ថា «សកម្មជនដីធ្លីទាំងអស់ឲ្យបានសេចក្តីសុខ សេចក្តីចម្រើន ហើយឲ្យបានដំណោះស្រាយ កុំឲ្យស្ងាត់ស្ងៀមទៀត។ សូមឲ្យទេវតាឆ្នាំថ្មីប្រទានពរជ័យដល់អ្នកដែលនៅសេសសល់ទាំងប៉ុន្មានឲ្យបានសំណងសមស្របដែលអាចទទួលយកបាន»។
ថ្មីៗនេះរដ្ឋាភិបាលទើបតែមានការស្នើព្រះមហាក្សត្របន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ៥០នាក់ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ប៉ុន្តែរដ្ឋាភិបាលបញ្ជាក់ថា នៅកម្ពុជាមិនមានអ្នកទោសនយោបាយ ឬ អ្នកទោសមនសិការទេ ដូច្នេះក្នុងចំណោម៥០នាក់នោះ មិនមានអ្នកទោសនយោបាយ ឬ អ្នកទោសមនសិការឡើយ៕