ក្រុមហ៊ុនកាហ្វេល្បីឈ្មោះមួយដែលមានសាខាជាង៨០០០ នៅអាមេរិកនិងមាននៅតាមបណ្តាប្រទេសជាច្រើនទៀតនោះ បានប្រកាសផ្អាកដំណើរការមួយពេលដើម្បីបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកកុំឲ្យរើសអើងពូជសាសន៍។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនស្តាបាក(Starbucks) បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្អាកដំណើរការលើសាខាទាំងអស់នៅសហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី២៩ខែឧសភា ដើម្បីបណ្តុះបណ្តាលបុគ្គលិកជិត១៧៥ ០០០នាក់ឲ្យស្គាល់ពីសិទ្ធិ និងកុំឲ្យមានការរើសអើងពូជសាសន៍។
ការប្រកាសរបស់ក្រុមហ៊ុននេះធ្វើឡើងបន្ទាប់ពីហេតុការណ៍មួយកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅសាខាមួយនៅក្នុងទីក្រុងPhiladelphia គឺបុគ្គលិកក្រុមហ៊ុនបានហៅនគរបាលឲ្យចាប់បុរសស្បែកខ្មៅពីរនាក់ ដោយសារជម្លោះកើតឡើងពីអ្នកទាំងពីរមិនបានទិញអ្វីពីហាងហើយសុំប្រើប្រាស់បន្ទប់ទឹក។
សកម្មភាពដែលបង្ហាញតាមកាមេរ៉ាសុវត្ថិភាពគឺសមត្ថកិច្ចបានចាប់ដាក់ខ្នោះបុរសទាំងពីរ ហើយនាំឡើងរថយន្តយាមល្បាតបើកចេញពីទីនោះ។ សកម្មភាពនោះត្រូវបានមហាជនថ្កោលទោសហើយចាត់ទុកថា ជាការរើសអើងពូជសាសន៍។
ប្រធានក្រុមហ៊ុនស្តាបាកលោក Kevin Johnson បានថ្លែងសុំទោសជាសាធារណៈ ហើយប្តេជ្ញាថា នឹងខិតខំដោះស្រាយបញ្ហានេះឲ្យបានល្អ ដោយចាប់ផ្តើមចេញពីការផ្អាកដំណើរការក្រុមហ៊ុនដើម្បីបណ្តុះបណ្តាលដល់បុគ្គលិក។