សាកលវិទ្យាល័យម៉ូណាស្ហនៃប្រទេសអូស្រ្ដាលី នឹងស្រាវជ្រាវពីអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជាដើម្បីជួយកាត់បន្ថយឧប្បត្តិហេតុនៃអំពើហឹង្សាទាក់ទងនឹងយេនឌ័រ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឲ្យដឹងថាសាកលវិទ្យាល័យម៉ូណាស្ហបានទទួលទឹកប្រាក់រង្វាន់ចំនួនប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំបួនរយដុល្លារអាមេរិកពីក្រុមធនាគារពិភពលោកដើម្បីអនុវត្តគម្រោងនេះ។ សាកលវិទ្យាល័យម៉ូណាស្ហ នឹងសហការជាមួយអង្គការសម្ព័ន្ធសុខភាពកុមារនិងសុខភាពបន្ដពូជដែលមានមូលដ្ឋាននៅកម្ពុជាដើម្បីធ្វើការសិក្សាស្រាវជ្រាវលើបញ្ហានេះ។
ប្រភពដដែលនេះឲ្យដឹងទៀតថា ការសិក្សានេះនឹងធ្វើការស្ទង់រកមើលអានុភាពផ្នែកវប្បធម៌ដែលជាឬសគល់នាំអោយ មានអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងធ្វើតេស្តមើលថាតើអន្ដរាគមន៍ពីសំណាក់ព្រះសង្ឃ និង ដូនជីអាចចូលរួម កាត់បន្ថយអំពើហិង្សាលើផ្លូវភេទនៅក្នុងសហគមន៍ប្រទេសកម្ពុជាបានដែរឬទេ។
លោកមីហ្គេល អេកាដូ សានឆេហ្ស ម៉ាទីន នាយកគ្រប់គ្រងធនាគារពិភពលោកស្ដីទីប្រចាំប្រទេសកម្ពុជាមាន ប្រសាសន៍ថា៖ «ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពច្រើនក្នុងការប្រឆាំងទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក៏ប៉ុន្ដែ ការយល់ដឹងអំពីឥរិយាបទផ្នែកវប្បធម៌ជាសមាសភាគមួយដែលមានសារៈសំខាន់សម្រាប់ធ្វើយ៉ាងណាធានាឱ្យការឆ្លើយតបទៅអំពើហិង្សាទាក់ទងនឹងយេនឌ័រសម្រេចបានជោគជ័យ ។»
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់លើកកម្ពស់សមភាពយេនឌ័រ (UN Women) ប្រចាំនៅកម្ពុជាដែលត្រូវបានដកស្រង់ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បង្ហាញថាយ៉ាងហោចណាស់ស្រ្ដីម្នាក់ក្នុង ចំណោមប្រាំនាក់ជាជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ចំណែកចំនួនកុមារជាងពាក់កណ្ដាលនៃចំនួនកុមារ សរុបធ្លាប់រងអំពើហិង្សាលើរាងកាយក្នុងទម្រង់ណាមួយពីសំណាក់ដៃគូស្និទ្ធស្នាលរបស់ឪពុកម្ដាយពួកគេ ញាតិសន្ដាន ពេញវ័យ ឬពីសំណាក់សមាជិកក្នុងសហគមន៍របស់ពួកគេ។