សមត្ថកិច្ចបានឲ្យដឹងថាមន្រ្តីជំនាញបានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតប្រហិតខុសច្បាប់ និងគ្មានយីហោមួយកន្លែង សង្ស័យថាប្រើប្រាស់សាធាតុគីមីប៉ះពាល់ដល់សុខភាព។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ របស់ក្រសួងមហាផ្ទៃ បានចុះពិនិត្យ សិប្បកម្មផលិតប្រហិតគ្មានយីហោមួយកន្លែងនៅផ្ទះលេខ៨D ផ្លូវ១១២ ភូមិ១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមការចុះផ្សាយដដែលបានឲ្យដឹងថាតាមការពិនិត្យ កម្លាំងប្រតិបត្តិការពិសេស បានរកឃើញ ប្រហិតសាច់គោម៉ាកថៃ សៀងគីចំនួន ៣៤០គីឡូក្រាម ប្រហិតសាច់ជ្រូកចំនួន ២៥ គីឡូក្រាម និង សារធាតុផ្សំមាន ម្សៅមី Tapioca Starch ចំនួន ៦០គីឡូក្រាម ប៊ីចេងម៉ាស្ទើរឆេហ្វចំនួន ១២៥ គីឡូក្រាម អំបិលចំនួន ៣៥០គីឡូក្រាម គ្រឿងសាតេទុកលាយសាច់ចំនួន ៧០០គីឡូក្រាម និង ម្សៅបន្ថែមរសជាតិចំនួន៥៧៦ គីឡូក្រាមផុតសុពលភាពប្រើប្រាស់។
តាមការចុះផ្សាយដដែលបន្តថាយោងតាមការសន្និដ្ឋានបឋមរបស់មន្ត្រីនគរបាលយុត្តិធម៌ គ.ប.ផ.ក រកឃើញថាសិប្បកម្មខាងលើមានបទល្មើសច្រើនដូចជា បើកសិប្បកម្មគ្មានច្បាប់អនុញ្ញាត ទីតាំងគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងគ្មានអនាម័យ ហើយសង្ស័យថាបានប្រើសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន គ្មានចុះបញ្ជីផលិតផល(ចបផ) គ្មានលើកស្លាកយីហោ និង ប្រើប្រាស់សារធាតុផ្សំផុតសុពលភាព៕